(ឌូបៃ)៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា នាវាចម្បាំងពីរគ្រឿងដឹកបុគ្គលិកយោធាសហរដ្ឋអាមេរិក ជាង ៣,០០០នាក់ បានទៅដល់សមុទ្រក្រហមហើយ ដែលជាផ្នែកនៃការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីមានសកម្មភាពរឹបអូស នាវាដឹកប្រេងដោយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

នាវាចម្បាំង USS Bataan និង USS Carter Hall បានធ្វើដំណើរចូលតំបន់សមុទ្រក្រហម កាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយនៅទីនេះ អាចផ្តល់នូវភាពបត់បែន និងបង្កើនសមត្ថភាពធ្វើប្រតិបត្តិការដែនសមុទ្រកាន់ដល់កងនាវាទី៥។

លោក ទីម ហឃីនស៍ (Tim Hawkins) ដែលជាមេបញ្ជាការកងនាវាទី៥ បានប្រាប់ AFP យ៉ាងដូច្នេះថា« ការដាក់ពង្រាយនេះគឺបន្ថែមលើ កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សកម្មភាពអស្ថិរភាព កាត់បន្ថយភាពតានតឹងក្នុងតំបន់ដែលបណ្តាលមកពីការយាយី និងការរឹបអូសនាវាជំនួញ ពីសំណាក់ប្រទេសអ៉ីរ៉ង់»។

គួរបញ្ជាក់ថា ការដាក់ពង្រាយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកទៅកាន់សមុទ្រក្រហម គឺជាការបង្កើនកម្លាំងយោធារបស់ខ្លួននៅលើផ្លូវទឹក នៃតំបន់ឈូងសមុទ្រ ដែលជាច្រកដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មប្រេងពិភពលោក ហើយបាននាំឲ្យមានការចោទប្រកាន់ពីទីក្រុងតេហេរ៉ង់ថា សហរដ្ឋអាមេរិកបង្កអស្ថិរភាពក្នុងតំបន់។ ប៉ុន្តែយោធាអាមេរិកបាននិយាយថា អ៉ីរ៉ង់បានរឹបអូស ឬប៉ុនប៉ងគ្រប់គ្រងនាវាជិត ២០គ្រឿងដែលមាន ដោតទង់ជាតិអន្តរជាតិនៅតំបន់នេះ អស់រយៈពេល ២ឆ្នាំមកហើយ៕