(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក តារ៉ូ អាសូ (Taro Aso) នៅថ្ងៃអង្គារនេះបាននិយាយថាប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ពិបាក នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជប៉ុន សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត ចាំបាច់ត្រូវតែបង្ហាញការប្ដេជ្ញាចិត្តយ៉ាងរឹងមាំថានឹង ធ្វើអន្តរាគមន៍ការពារកោះតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសុន្ទរកថាមួយក្នុងទីក្រុងតៃប៉ិ នាឱកាសបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ​ នៅកោះតៃវ៉ាន់ លោក Taro Aso ដែលជាអនុប្រធាន គណបក្សប្រជាធិបតេយ្យសេរីនិយមដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅក្នុងប្រទេសជប៉ុនផងនោះ បានគូសបញ្ជាក់ដូច្នេះថា «រឿងដែលសំខាន់ បំផុតនៅពេលនេះ នោះគឺការធានាឱ្យបានថាសង្រ្គាមនឹងមិនផ្ទុះឡើងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាននោះទេ...ហើយខ្ញុំក៏ជឿដែរថាបច្ចុប្បន្ន វាជា ពេលដែលជប៉ុន តៃវ៉ាន់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមានចិត្តគំនិតដូចគ្នាដទៃទៀត ត្រូវតែត្រៀមលក្ខណៈដើម្បីធ្វើសកម្មភាពកំញើញដ៏ ខ្លាំងក្លាមួយ នោះគឺការប្ដេជ្ញាចិត្តដើម្បីប្រយុទ្ធ»

គួរបញ្ជាក់ថា បើតាមលោក Taro Aso ការបង្ហាញពីឆន្ទៈដើម្បីការពារកោះតៃវ៉ាន់ គឺជាទម្រង់មួយនៃការកំញើញទប់ស្កាត់សង្រ្គាម។ ប៉ុន្តែលោក មិនបានបញ្ជាក់ចំឈ្មោះចិនថាជាអ្នកឈ្លានពាននោះទេ ដោយគ្រាន់តែនិយាយថាវាមានសារៈសំខាន់សម្រាប់ជប៉ុន តៃវ៉ាន់ និងបណ្ដាប្រទេសដទៃ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ ជាការបញ្ជូនសារយ៉ាងរឹងមាំមួយទៅចិន និងសហគមន៍អន្តរជាតិទាំងមូល៕