(តូក្យូ)៖ តំបន់ជាច្រើនរបស់ជប៉ុន ក្នុងនោះរួមមានទាំងតំបន់ភាគកណ្ដាល កំពុងត្រៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់នៃព្យុះទីហ្វុង Khanun ដែលនឹងបក់បោក ទៅក្បែរតំបន់ភាគនិរតីនៃប្រទេស នៅថ្ងៃអង្គារនេះ ខណៈមន្ត្រីឧតុនិយមព្រមានពីការខូចខាតបង្កឡើងដោយសារខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

ព្យុះទីហ្វុង Khanun កំពុងស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុងអាម៉ាមិ (Amami) ស្ថិតនៅភាគនិរតីប្រទេសជប៉ុន និងកំពុងធ្វើដំណើរសន្សឹមៗ ឆ្ពោះទៅកាន់ភាគខាងជើង។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងទៀតថាបន្ទាប់ពីបានវាយប្រហារលើខេត្ត Nagasaki ភាគខាងលិចនៃប្រទេសជប៉ុន ព្យុះទីហ្វុង Khanun ត្រូវបានគេព្យាករថានឹងបក់បោកទៅកាន់តំបន់ឆ្នេរភាគខាងជើង ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់កូរ៉េខាងត្បូង។ ព្យុះទីហ្វុង Khanun កំពុងថមថយចុះឥទ្ធិពល បន្តិចម្ដងៗ ប៉ុន្តែនៅតែមានកម្លាំងខ្យល់ក្នុងល្បឿន ១០៨គីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចកើនដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា បើតាមការព្យាករ ព្យុះទីហ្វុង Khanun អាចនឹងនាំមកជាមួយនូវទឹកភ្លៀងកម្រិតចន្លោះពី ៣០០មីលីម៉ែត្រ ដល់៤០០មីលីម៉ែត្រ នៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ នៅក្នុងតំបន់ ស៊ីកុគូ (Shikoku) និង គ្យូស៊ុ (Kyushu) ព្រមទាំងកម្រិតទឹកភ្លៀងពី ២០០មីលីម៉ែត្រ ដល់៣០០មីលីម៉ែត្រ នៅក្នុងទីក្រុង អាម៉ាមិ (Amami) រួមទាំងតំបន់គីនគិ (Kinki) នៃភាគខាងលិចប្រទេសជប៉ុន និងតំបន់តូកៃ (Tokai) នៃតំបន់ភាគកណ្ដាល៕