(តាលិន, អេស្ដូនី)៖ យោធាបេឡារុស នៅថ្ងៃចន្ទសប្ដាហ៍នេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធា នៅក្បែរតំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយប៉ូឡូញ និងលីទុយអានី នៅចំពោះមុខភាពតានតឹងជាមួយប្រទេសជាសមាជិក NATO ទាំង២នេះ ជុំវិញការទទួលឱ្យទាហានស៊ីឈ្នួលរុស្ស៉ី Wagner ឈរជើងនៅលើទឹកដីបេឡារុស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

ប៉ូឡូញ និងបេឡារុស បានបង្កើនការរឹតបន្តឹងសន្តិសុខនៅតាមតំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយបេឡារុស ចាប់តាំងពីទាហានស៊ីឈ្នួល Wagner រាប់ពាន់នាក់ បានធ្វើដំណើរទៅដល់ប្រទេសបេឡារុស ក្រោមកិច្ចព្រមព្រៀងមួយ ក្រោយការបះបោរមិនបានសម្រេចប្រឆាំងនឹងរដ្ឋអំណាចរុស្ស៉ីកាលពីចុងខែមិថុនាកន្លងទៅ។

មេដឹកនាំនៃប្រទេសជាសមាជិក NATO ទាំង២នេះបាននិយាយថាពួកគេបាន និងកំពុងត្រៀមខ្លួនទប់ស្កាត់សកម្មភាពបង្ករឿងពីសំណាក់រុស្ស៉ី និងបេឡារុស នៅក្នុង តំបន់ដ៏រសើបមួយជាទីដែលប៉ូឡូញ និងលីទុយអានីមានព្រំដែនជាប់បេឡារុស ព្រមទាំងតំបន់កាលីនីនក្រាដ (Kaliningrad) ជាពិសេសក្រោយមានការចោទ ប្រកាន់ថាឧទ្ធម្ភាគចក្ររបស់បេឡារុស ២គ្រឿង ហោះបំពានចូលដែនអាកាសប៉ូឡូញ ក្នុងរយៈពេលខ្លី។ ប៉ុន្តែខាងបេឡារុសបានច្រានចោលការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា បើតាមយោធាបេឡារុស សមយុទ្ធយោធាដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មានគោលដៅដកស្រង់បទពិសោធន៍ពីការធ្វើប្រតិបត្តិការ យោធាពិសេស ដែលជាពាក្យត្រូវបានរុស្ស៉ី យកមកប្រើជំនួសឱ្យសង្រ្គាមឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន។ នៅក្នុងសមយុទ្ធយោធានេះដែលកំពុងធ្វើឡើងនៅឯ តំបន់ Grodno របស់បេឡារុស ក៏នឹងមានផងដែរពីការប្រើប្រាស់យន្ដហោះដ្រូន៕