(កៀវ)៖ សេវាសន្តិសុខរបស់អ៊ុយក្រែន នៅថ្ងៃចន្ទសប្ដាហ៍នេះបានអះអាងពីការឃុំខ្លួនស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ថាបាន និងកំពុងជួយរុស្ស៉ីក្នុងការរៀបចំ ផែនការវាយប្រហារមួយលើលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី អំឡុងរូបលោកបំពេញទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយសារទឹកជំនន់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣។

សេវាសន្តិសុខអ៊ុយក្រែន SBU បានឱ្យដឹងថាស្ត្រីដែលត្រូវបានឃុំខ្លួនខាងលើ បានប្រមូលព័ត៌មានសម្ងាត់ដើម្បីដឹងពីកាលវិភាគនៃដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់តំបន់ មីកូឡេវ (Mykolaiv) ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នៅក្នុងមួយបង្ហោះលើ Telegram កាលពីថ្ងៃចន្ទ លោក ហ្សេលេនស្គីផ្ទាល់ ក៏បានគូសបញ្ជាក់ដូច្នេះថា «ប្រមុខ SBU បានធ្វើបច្ចុប្បន្នភាពជូនរូបលោកពីការប្រយុទ្ធប្រឆាំងនឹងជនក្បត់»

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចទៅកាន់តំបន់ មីកូឡេវ (Mykolaiv) កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីតំបន់នេះរងគ្រោះដោយសារ ទឹកជំនន់បង្កឡើងដោយការបាក់ទំនប់ទឹក កាខូវកា (Kakhovka) និងនៅក្នុងខែកក្កដា ក្រោយការវាយប្រហាររបស់រុស្ស៉ីលើតំបន់នេះ៕