(ស្តុកខម)៖ ព្យុះភ្លៀងបានវាយប្រហារ ភាគខាងត្បូងបណ្តាប្រទេសស្កែនឌីណាវី (Scandinavia) នៅថ្ងៃចន្ទសប្តាហ៍នេះ ដោយធ្វើឱ្យរថភ្លើងធ្លាក់ផ្លូវ និងជន់លិចផ្លូវនានា ខណៈមន្ត្រីនៅក្នុងប្រទេសស៊ុយអែត និងន័រវេសបានព្រមានថា វាអាចក្លាយជាប្រព័ន្ធអាកាសធាតុសើមខ្លាំងបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះសម្រាប់តំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
អ្នកឧតុនិយមនៅប្រទេសស៊ុយអែត និងន័រវេសបានចេញការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតប្រកាសអាសន្នធ្ងន់ធ្ងរបំផុត សម្រាប់រយៈពេលជាច្រើនថ្ងៃក្នុងសប្តាហ៍នេះ ហើយបាននិយាយថា តំបន់ដែលរងគ្រោះខ្លាំងបំផុតបានទទួលទឹកភ្លៀងស្មើនឹងទឹកភ្លៀងដែលធ្លាក់ធម្មតាមួយខែ ឬច្រើនជាងនេះក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។
ប៉ូលិសបាននិយាយថា មនុស្សបីនាក់បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរថភ្លើងមួយដែលដឹកអ្នកដំណើរជាង ១០០នាក់បានក្រឡាប់នៅភាគខាងកើតប្រទេសស៊ុយអែត បន្ទាប់ពីមានភ្លៀងធ្លាក់បានបោកបក់ផ្នែកខ្លះនៃផ្លូវរថភ្លើង។
ខ្យល់បក់ខ្លាំង និងព្យុះផ្គររន្ទះបានផ្តាច់ចរន្តអគ្គិសនីក្នុងតំបន់ និងបានរំខានដល់សាឡាងនៅសមុទ្របាល់ទិក ក៏ដូចជាចរាចរណ៍ផ្លូវអាកាសមួយចំនួន ខណៈដែលន័រវែសបានផ្អាកសេវាកម្មរថភ្លើងមួយចំនួន និងបានពន្យារពេលការប្រកួតបាល់ទាត់មួយចំនួនផងដែរ។
ប្រព័ន្ធសម្ពាធទាបដែលបានវាយលុកប្រទេសស៊ុយអែតកាលពីយប់ថ្ងៃអាទិត្យ និងបានទៅដល់ប្រទេសន័រវេសកាលពីថ្ងៃចន្ទ ត្រូវបានគេដាក់ឈ្មោះថា Hans។
អាជ្ញាធរបានក្រើនរំលឹកដល់ អ្នកដែលងាយទទួលរងគ្រោះបំផុត ឱ្យស្ថិតនៅឱ្យឆ្ងាយពីទន្លេ និងជម្រាលភ្នំ ហើយមិនត្រូវធ្វើដំណើរ បើមិនចាំបាច់បំផុតទេនោះ។ ពួកគេបាននិយាយថា ហានិភ័យខ្ពស់ នៃការខូចខាតទ្រព្យសម្បត្តិ ខណៈដែលទឹកភ្លៀងត្រូវបានរំពឹងថា នឹងបន្តប៉ុន្មានថ្ងៃខាងមុខទៀត។
គួរបញ្ជាក់ថា ដាណឺម៉ាកដែលប្រទេសជិតខាង ក៏បានឃើញភ្លៀងធ្លាក់ខ្លាំងផងដែរ ហើយបានចេញការប្រកាសអាសន្នពណ៌លឿង ដែលជាការព្រមានកម្រិតទាប ខណៈដែលអ្នកឧតុនិយមនៅប្រទេសហ្វាំងឡង់បាននិយាយថា ប្រទេសនេះក៏អាចជួបប្រទះនឹងព្យុះផ្គររន្ទះខ្លាំងនៅចុងសប្តាហ៍នេះផងដែរ៕