(រីយ៉ាទ)៖ អង្គការសហប្រតិបត្តិការអ៊ីស្លាម ដែលហៅកាត់ថា OIC នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសកងកម្លាំងអ៊ីស្រាអែលដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ០៣នាក់ នៅតំបន់ West Bank មួយថ្ងៃមុននេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣។
អង្គការ OIC ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មតរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ ធានានូវការទទួលខុសត្រូវចំពោះជនល្មើស និងផ្តល់ការការពារអន្តរជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីនផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទាហានអ៉ីសា្រអែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ ដែលបានគប់ដុំថ្មទៅលើរថយន្តរបស់ពួកគេ នៅក្បែរទីក្រុងណាប្លាស់ (Nablus) នៃតំបន់វេសប៊ែង (West Bank)។
អំពើហិង្សានៅតំបន់ West Bank បានកើនឡើងអស់រយៈពេលជាងមួយឆ្នាំ ដោយអ៉ីស្រាអែលបានធ្វើប្រតិបត្តិការវាយឆ្មក់ កាន់តែញឹកញាប់ ការកើនឡើងនៃការវាយប្រហារតាមដងផ្លូវដោយប៉ាឡេស្ទីន។ ទីក្រុង Nablus និងទីក្រុងជេនីន (Jenin) នៅ West Bank បានមើលឃើញជាពិសេស នូវការប៉ះទង្គិចគ្នាកើនឡើងខ្លាំង៕