(ប៉េកាំង)៖ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទ (ទី៧ ខែសីហា) នេះថា កិច្ចពិភាក្សាអន្តរជាតិកាលពីចុងសប្តាហ៍កន្លងទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិអ៊ុយក្រែន បានជួយ «បង្រួបបង្រួមមតិអន្តរជាតិ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣។
ប្រទេសជាង៤០ រួមទាំងប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុបផង លើកលែងប្រទេសរុស្ស៊ី បានចូលរួមក្នុងកិច្ចចរចា Jeddah ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ
ប្រទេសចិនបានបញ្ជូនបេសកជនពិសេសរបស់ខ្លួន សម្រាប់កិច្ចការអឺរ៉ាស៊ី គឺលោក Li Hui អតីតឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្សី ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីប្រទេសអឺរ៉ុបចំនួនប្រាំមួយកាលពីខែឧសភា ដើម្បីស្វែងរកមូលដ្ឋានរួមគ្នាសម្រាប់ដំណោះស្រាយនយោបាយចំពោះសង្គ្រាមអ៊ុយក្រែនដែលឥឡូនេះ បានឈានដល់ខែទី១៨ របស់ខ្លួនហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងការបរទេសបាននិយាយថា លោក Li «មានទំនាក់ទំនង និងការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន... បានស្តាប់ទស្សនៈ និងសំណើរបស់គ្រប់ភាគី និងជំរុញការយល់ស្របជាអន្តរជាតិបន្ថែមទៀត»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងអស់បាននិយាយជាវិជ្ជមានចំពោះការចូលរួម របស់លោក Li Hui នៅក្នុងកិច្ចប្រជុំនេះ ហើយបានគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីជាវិជ្ជមានរបស់ប្រទេសចិន ក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព។
ក្រុមអ្នកវិភាគបាននិយាយថា វត្តមានរបស់ប្រទេសចិនបានបង្ហាញពី ការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងវិធីសាស្រ្តរបស់ទីក្រុងប៉េកាំង ប៉ុន្តែមិនមែនជាការផ្លាស់ប្តូរនៅក្នុងការគាំទ្រសម្រាប់ទីក្រុងម៉ូស្គូនោះទេ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់ទីក្រុងម៉ូស្គូ កាលពីខែកុម្ភៈឆ្នាំ ២០២២ ។ ប៉ុន្តែបានស្នើផែនការសន្តិភាពរបស់ខ្លួន ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក និងអង្គការណាតូមានការសង្ស័យ។ កិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុង Jeddah គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូតរបស់អ៊ុយក្រែន ដើម្បីទទួលបានការគាំទ្រ ក្រៅពីប្រទេសលោកខាងលិច៕