(ប៉ារីស)៖ បារាំងបានផ្អាកការផ្តល់ហិរញ្ញប្បទាន និងការផ្តល់ជំនួយអភិវឌ្ឍសម្រាប់ប្រទេសបួគីណាហ្វាសូ ជុំវិញការគាំទ្ររដ្ឋប្រហារយោធានៅឯនីហ្សេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ រដ្ឋាភិបាលបួគីណាហ្វាសូ និងប្រទេសម៉ាលី បានបង្ហាញពីសាមគ្គីភាព ដោយព្រមានចាត់ទុក អន្តរាគមន៍យោធាណាមួយនៅក្នុងប្រទេសនីហ្សេ ថាជាការប្រកាសសង្រ្គាមប្រឆាំងប្រទេសរបស់ពួកគេ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង បានគូសបញ្ជាក់ថា «បារាំង នឹងផ្អាកប្រតិបត្តិការរបស់ខ្លួនលើ ការផ្តល់ជំនួយក្នុងគោលបំណងអភិវឌ្ឍ និងផ្តល់ជំនួយជាថវិកាសម្រាប់បួគីណាហ្វាសូ រហូតដល់មានការជូនដំណឹងបន្ថែម»

គួរបញ្ជាក់ថា បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ លោកប្រធានាធិបតី មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ហើយឃុំខ្លួនរូបលោក ក្រុមបះបោរដណ្តើមអំណាច ក៏បានប្រកាសរំសាយកិច្ចព្រមព្រៀងយោធារវាងនីហ្សេ ជាមួយបារាំងដែលអនុញ្ញាតឲ្យមាន វត្តមានកងទ័ពបារាំងនៅទីនោះ ក្រោមក្របខ័ណ្ឌប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត ផងដែរ៕