(មូស្គូ)៖ អាជ្ញាធរប្រចាំមូលដ្ឋាននៅប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា នឹងមានការជម្លៀសប្រជាជនចេញពីភូមិមួយកន្លែង នៅតំបន់ចុងបូព៌ាប្រទេស នាថ្ងៃទី១១ ខែសីហា ខណៈវាគឺជាផ្នែកនៃវិធានការសម្រាប់សកម្មភាពចេញបេសកកម្មឋានព្រះចន្ទ ជាលើកដំបូងបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា​ ឆ្នាំ២០២៣។

យានរ៉ូបូត Luna-25 ដែលជាបេសកកម្មស្រាវជ្រាវឋានព្រះចន្ទទីមួយរបស់រុស្ស៉ី គិតចាប់តាំងពីឆ្នាំ១៩៧៦មក​ នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny Cosmodrome) ចម្ងាយប្រហែល ៥,៥៥០គីឡូម៉ែត្រឯពីរដ្ឋធានីមូស្គូ។ ប្រជាជនរុស្ស៉ី​ដែលរស់នៅក្នុងភូមិ សាកទីនស្គី (Shakhtinskyi) នៃតំបន់ខាបារ៉ូវ (Khabarovsk) ភាគអាគ្នេយ៍ពីកន្លែងបាញ់បង្ហោះយានខាងលើ នឹងត្រូវជម្លៀសនៅវេលាទាបភ្លឺថ្ងៃទី១១ ខែសីហា ដែលត្រូវនឹងថ្ងៃសុក្រសប្តាហ៍នេះ ដ្បិតភូមិនោះនៅត្រង់តំបន់ ដែលកំណាត់ម៉ាស៉ីនជំនួយ​របស់គ្រាប់រ៉ុក្កែត នឹងធ្លាក់ចុះមកចំ។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) យាន Luna-25 នឹងត្រូវចុះចតនៅតំបន់ប៉ូលខាងត្បូងនៃ​ផ្ទៃព្រះចន្ទ។ កម្មវត្ថុចម្បងនៃបេសកកម្មនេះ គឺការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ចុះចតយានដោយជោគជ័យនៅលើផ្ទៃព្រះចន្ទ, ការស្រាវជ្រាវ​សណ្ឋានផ្នែកផ្ទៃខាងក្នុងរបស់ព្រះចន្ទ និងការរុករកធនធាន រួមមានទាំងទឹកជាដើម។ វាត្រូវគេរំពឹងថានឹងអាចធ្វើប្រតិបត្តិការនៅលើផ្ទៃព្រះចន្ទ បានរយៈពេលប្រហែល១ឆ្នាំ។

ដោយឡែក នៅប៉ុន្មានសប្តាហ៍ខាងមុខ យានរ៉ូបូតរបស់ឥណ្ឌា ឈ្មោះថា Chandrayaan-3 ក៏នឹងត្រូវ​ធ្វើការព្យាយាមចុះចត នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទផងដែរ បន្ទាប់ពីវាទើបតែបានធ្វើដំណើរទៅដល់គន្លងកៀកព្រះចន្ទ។ ប្រសិនបើជោគជ័យ​ វានឹងធ្វើឱ្យ​ឥណ្ឌាក្លាយជាប្រទេសទី៤ ដែលទទួលជោគជ័យក្នុងការនាំយកយានរ៉ូបូត ទៅដល់លើផ្ទៃព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៉ី) ហើយនិងចិន៕