(ញូដេលី)៖ នៅថ្ងៃចន្ទនេះ សភាឥណ្ឌាបានស្តារសមាជិកភាពរបស់មេបក្សប្រឆាំងមួយរូប គឺលោក រ៉ាហ៊ូល ហ្កាន់ឌី (Rahul Gnadhi) ឡើងវិញ បន្ទាប់ពីតុលាការកំពូល បានសម្រេចព្យួរការផ្តន្ទាទោសរូបលោក ពាក់ព័ន្ធទៅនឹងសំណុំរឿងបរិហាកេរ្តិ៍នាយករដ្ឋមន្រ្តីឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។

លោក ហ្កាន់ឌី ដែលមានឪពុក ជីដូន និងជីតាទួត ធ្លាប់ធ្វើជានាយករដ្ឋមន្រ្តី ត្រូវបានតុលាការឥណ្ឌា ផ្តន្ទាទោសកាលពីខែមីនា ឆ្នាំនេះ ក្នុងសំណុំរឿងមួយដែលផ្តួចផ្តើមឡើងដោយ សមាជិកសភាមកពីគណបក្សកាន់អំណាច BJP ជុំវិញការអត្ថាធិប្បាយមួយរបស់លោក កាលពីឆ្នាំ២០១៩ ដែលត្រូវបានចាត់ទុកថា ជាការប្រមាថមើលងាយចំពោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក៏ដូចជាបុគ្គលដទៃទៀត ដែលមានត្រកូល ម៉ូឌី រួមមានទាំងសមាជិកសភា BJP រូបនោះផ្ទាល់។

ក្រោមការផ្តន្ទាទោសខាងលើ លោក ហ្កាន់ឌី ដែលមានវ័យ៥៣ឆ្នាំ បានបាត់បង់តំណែងជាសមាជិកសភារបស់លោក ហើយត្រូវជាប់​ពន្ធនាគាររយៈពេល២ឆ្នាំ ប៉ុន្តែក្រោយមកទទួលបានការដោះលែងឱ្យនៅក្រៅឃុំ។ បើយោងទៅតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា តុលាការកំពូលបានព្យួរការផ្តន្ទាទោសរបស់លោក ហ្កាន់ឌី កាលពីសប្តាហ៍មុន ដែលប្រការនេះអនុញ្ញាតឱ្យលោកអាចត្រឡប់មកសភាវិញ ហើយអាចចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកលនាឆ្នាំក្រោយបាន។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ លោក ហ្កាន់ឌី បានជួយគណបក្ស Congress របស់លោក បើកកិច្ចពិភាក្សាជាមួយបក្សប្រឆាំង​ដទៃៗទៀត ដើម្បីជំរុញនូវគំនិតផ្តួចផ្តើម នៃការបង្កើតសម្ព័ន្ធភាពប្រឆាំងរឹងមាំមួយ សំដៅប្រកួតប្រជែងជាមួយគណបក្ស BJP ក្នុងការបោះឆ្នោតសកល៕