(ប៉េកាំង)៖ មនុស្សចំនួន១៤នាក់ ត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិត កាលពីអំលុងចុងសប្តាហ៍កន្លងទៅនេះ នៅឯទីក្រុងស៊ូឡាន (Shulan) នៃប្រទេសចិន ព្រោះតែគ្រោះទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង ដុកស៊ូរី (Doksuri)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។

តួលេខអ្នកបាត់បង់ជីវិតខាងលើនៅទីក្រុង Shulan ដែលស្ថិតក្នុងខេត្ត ជីលីន (Jilin) នៃតំបន់ភាគឦសានប្រទេសចិន គឺបន្ថែមពីលើមនុស្សរាប់សិបនាក់ផ្សេងទៀត ដែលបានស្លាប់កាលពីសប្តាហ៍មុន នៅរដ្ឋធានីប៉េកាំង និងទីក្រុងមួយចំនួននៅខេត្តហឺប៉ី (Hebei)។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ក៏មានមន្រ្តី៣នាក់ផងដែរ ស្ថិតក្នុងចំណោមអ្នកស្លាប់នៅទីក្រុង Shulan ដោយរួមមានទាំងអភិបាលរងម្នាក់នៃទី​ក្រុង។

សម្រាប់កម្រិតទឹកនៅក្នុងទីក្រុង Shulan ដែលមានមនុស្សរស់នៅសរុបប្រហែល ៥៨៧,០០០នាក់ គឺបានថយមកនៅកម្រិតសុវត្ថិភាព​វិញហើយ ខណៈកិច្ចប្រឹងប្រែងឆ្លើយតបគ្រាអាសន្ន ត្រូវបានដំណើរការដើម្បីជួយជម្លៀសប្រជាជន និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាត។ អាជ្ញាធរក្នុងតំបន់បាននិយាយថា ចំណុចមួយចំនួននៃទន្លេសុងហ័រ (Songhua) ដែលជាទន្លេស្នូលប្រចាំតំបន់ភាគឦសានប្រទេសចិន ហើយនិងដៃទន្លេ ណឺនជាំង (Nenjiang) នៅបន្តស្ថិតក្នុងកម្រិតខ្ពស់ គួរឱ្យគ្រោះថ្នាក់ដដែល។

គួរបញ្ជាក់ថា ថាមពលត្រូវបានស្តារឡើងវិញ សម្រាប់តំបន់រងគ្រោះទឹកជំនន់ជាច្រើននៃទីក្រុងប៉េកាំង និងនៅខេត្ត Hebei ប៉ុន្តែកិច្ចប្រឹងប្រែងស្តារថាមពលនៅខេត្តភាគឦសាន ដូចជា Jilin, ហ៉ីឡុងជាំង (Heilongjiang) និងលាវនីង (Liaoning) ជាដើម កំពុងបន្តប្រព្រឹត្តទៅនៅឡើយ។ តំបន់ភាគខាឦសានប្រទេសចិន រួមជាមួយទីក្រុងប៉េកាំងនិងខេត្ត Hebei បានមើលឃើញការធ្លាក់ភ្លៀង​ខ្លាំងក្លា ព្រមទាំងគ្រោះទឹកជំនន់ ចាប់តាំងតែពីព្យុះទីហ្វុង Doksuri បានបោកបក់ទៅដល់ខេត្តហ្វូជាន (Fujian) ភាគខាងត្បូងប្រទេស កាលពី២សប្តាហ៍មុន៕