(ការ៉ាឈី)៖ រដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថានបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ នៅពេលដែលរថភ្លើងមួយខ្សែបានក្រឡាប់នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន នៅថ្ងៃអាទិត្យ (៦ សីហា) សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។
លោក Khawaja Saad Rafeeq បានប្រាប់អ្នកយកព័ត៌មានថា «នេះគឺជាឧបទ្ទវហេតុដ៏ធំមួយ។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែង ហើយអ្នកដំណើរយ៉ាងតិច ១៥ នាក់បានស្លាប់ និង ៤៥នាក់ទៀតរងរបួស»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវខាងលើ បានកើតឡើងនៅក្បែរស្ថានីយ៍រថភ្លើងសាហារ៉ាក្នុងទីក្រុង Nawab Shah នៃខេត្ត Sindh ភាគខាងត្បូងប្រទេស។
គួរបញ្ជាក់ថា នៅប្រទេសប៉ាគីស្ថាន ឧបទ្ទវហេតុរថភ្លើងកើតឡើងជារើយៗ។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រថភ្លើងពីរបានបុកគ្នានៅក្បែរទីក្រុង Dharki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៥នាក់ និង ១៥០នាក់ផ្សេងទៀតរងរបួស។ ដោយឡែកកាលពីខែតុលាឆ្នាំ២០១៩ អគ្គីភ័យឆេះរថភ្លើងល្បឿនលឿន បានសម្លាប់អ្នកដំណើរយ៉ាងហោចណាស់ ៧៥នាក់ ខណៈការប៉ះទង្គិចគ្នារវាងរថភ្លើងពីរនៅទីក្រុង Ghotki កាលពីឆ្នាំ២០០៥ បានសម្លាប់មនុស្សជាង ១០០នាក់ផងដែរ៕