(ហាណូយ)៖ ការនាំចេញផលិតផលកៅស៊ូរបស់វៀតណាមទៅប្រទេសរុស្ស៊ីបានមើលឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍ដោយមានកំណើន ៤៦៥ភាគរយនៅឆមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃសរុបជិត ៥,១លានដុល្លារ។ នេះបើយោងតាមកាសែត Vietnam News។

កាសែត Vietnam News បានរាយការណ៍ដោយដកស្រង់ទិន្នន័យបឋមរបស់អគ្គនាយកដ្ឋានគយវៀតណាមថា ការនាំចេញកៅស៊ូទៅកាន់ទីផ្សារនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ជាមួយនឹងតម្លៃ ១៥,៦លានដុល្លារស្មើនឹងជាង ៨៣ភាគរយនៃតម្លៃនាំចេញកៅស៊ូសរុបក្នុងឆ្នាំ២០២២។

កៅស៊ូ និងផលិតផលកៅស៊ូស្ថិតក្នុងចំណោមផលិតផលមួយចំនួនដែលបានមើលឃើញកើនឡើង តម្លៃនាំចេញនៅក្នុងឆមាសទីមួយក្នុងបរិបទដែលការនាំចេញសរុបទៅកាន់ទីផ្សាររុស្ស៊ីបានបង្ហាញសញ្ញាធ្លាក់ចុះ។

ការនាំចេញរបស់វៀតណាមទៅកាន់រុស្ស៊ីបានកើនដល់ជាង ៨១២លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះ ធ្លាក់ចុះ ៣ភាគរយធៀបនឹងឆ្នាំមុន។

វៀតណាមបាននាំចេញកៅស៊ូតម្លៃជាង ១,០៥ពាន់លានដុល្លារ និងផលិតផលកៅស៊ូតម្លៃ ៥១៥លានដុល្លារក្នុងឆមាសទី១ ធ្លាក់ចុះ ៧ភាគរយ និង ១០ភាគរយរៀងគ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះ ការនាំចេញកៅស៊ូទៅកាន់ប្រទេសរុស្ស៊ីមានចំនួនតិចជាង ១ ភាគរយនៃការនាំចេញកៅស៊ូសរុបរបស់ប្រទេសវៀតណាម។ នេះបើយោងតាមកាសែត Vietnam News៕