(អ៉ីស្លាម៉ាបាដ)៖ ប៉ូលិសប៉ាគីស្ថាននាថ្ងៃសៅរ៍នេះ បានចាប់ខ្លួនអតីតនាយករដ្ឋមន្រ្តី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) នៅទីក្រុងឡាហ័រ (Lahore) ភាគខាងកើតប្រទេស បន្ទាប់ពីតុលាការបានសម្រេចផ្តន្ទាទោសរូបលោក ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទលក់វត្ថុអនុស្សាវរីយ៍របស់រដ្ឋដោយខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។
មេធាវីរបស់លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប៉ូលិសបានធ្វើការចាប់ខ្លួនលោក Imran Khan នៅឯគេហដ្ឋានរបស់លោកផ្ទាល់ ហើយខាងមេធាវីកំពុងត្រៀមដាក់ពាក្យបណ្តឹងតវ៉ា ប្រឆាំងការសម្រេចចាប់ខ្លួន និងដាក់ពន្ធនាគាររូបលោកនេះ ទៅកាន់តុលាការជាន់ខ្ពស់។ រីឯគណបក្សនយោបាយរបស់លោកគឺ PTI ក៏បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ផងដែរថា ពួកគេបានបញ្ជូនបណ្តឹងឧទ្ធរណ៍មួយរួចហើយ ទៅកាន់តុលាការកំពូល។
ដោយឡែក ការចាប់និងឃុំខ្លួនលោក Khan អស់រយៈពេលប៉ុន្មានថ្ងៃ កាលពីខែឧសភា ឆ្នាំនេះ ជុំវិញសំណុំរឿងក្តីក្តាំងមួយផ្សេងទៀត បានបង្កឱ្យមានអំពើហិង្សាដ៏តានតឹងផ្ទុះឡើង រវាងក្រុមអ្នកគាំទ្រលោក ហើយនិងកងកម្លាំងប៉ូលិស។ ភាពវឹកវរនាពេលនោះ បានរសាយបាត់ទៅវិញ ក្រោយរូបលោកត្រូវបានដោះលែង។
គួរបញ្ជាក់ថា ការចាប់ខ្លួននិងផ្តន្ទាទោសដាក់ពន្ធនាគារនាថ្ងៃសៅរ៍នេះ គឺពាក់ព័ន្ធទៅនឹងការស៉ើបអង្កេតមួយ ធ្វើឡើងដោយគណៈកម្មការបោះឆ្នោតនៃប្រទេសប៉ាគីស្ថាន ដែលបានរកឃើញថា លោក Khan មានទោសពីបទលក់វត្ថុអនុស្សាវរីយ៍ដែលជាកម្មសិទ្ធិរបស់រដ្ឋដោយខុសច្បាប់ ដែលគិតជាទឹកប្រាក់សរុបខ្ទង់៦៣៥,០០០ដុល្លារ អំលុងពេលលោកនៅកាន់តំណែង ជានាយករដ្ឋមន្រ្តីកាលពីចន្លោះឆ្នាំ២០១៨-ឆ្នាំ២០២២៕