(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានលើកឡើងថា កិច្ចពិភាក្សាដែលត្រូវចាប់ផ្តើមនាចុងសប្តាហ៍នេះ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់វិបត្តិសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងមានភាពលំបាក ប៉ុន្តែទីក្រុងកៀវរំពឹងថា នាឱកាសនោះនឹងអាចបញ្ចុះបញ្ចូលបានប្រទេសបន្ថែមទៀត ឱ្យមកគាំទ្ររូបមន្តសន្តិភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។

អ៊ុយក្រែននិងសម្ព័ន្ធមិត្តសង្ឃឹមថា កិច្ចប្រជុំនៅទីក្រុងជិតដាស់ (Jeddah) រវាងទីប្រឹក្សាសន្តិសុខជាតិនិងមន្រ្តីជាន់ខ្ពស់ដទៃទៀតមកពីខ្ទង់ ៤០ប្រទេស ប៉ុន្តែមិនមានរុស្ស៉ីចូលរួមនោះ នឹងសម្រេចបានការព្រមព្រៀងគ្នា ជុំវិញគោលការណ៍គន្លឹះៗ ស្តីពីមធ្យោបាយដើម្បីបិទបញ្ចប់​សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន។ លោក អាន់ឌ្រៃ យើម៉ាក់ (Andriy Yermak) ដែលជាប្រធានខុទ្ទកាល័យប្រធានាធីបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងជាប្រមុខបេសកជនសម្រាប់កិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត បានលើកឡើងថា «បើតាមការរំពឹងទុករបស់ខ្ញុំផ្ទាល់ កិច្ចសន្ទនានឹងមានភាពលំបាក ប៉ុន្តែយើងមានការពិតនិងគុណធម៌ នៅពីក្រោយពួកយើង»

កិច្ចពិភាក្សាខាងលើមិនបានអញ្ជើញឱ្យរុស្ស៉ីចូលរួមឡើយ ប៉ុន្តែវិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងតាមដានជំនួបនោះ។ ចំណែកចិន ដែលមានទំនាក់ទំនងរឹងមាំជាមួយរុស្ស៉ី បានប្រាប់កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងបញ្ជូនបេសកជនពិសេសទទួលបន្ទុកកិច្ចការអឺរ៉ាស៉ី លោក លី ហ៊ុយ (Li Hui) ឱ្យចូលរួម។ កន្លងមក ក្រុមមន្រ្តីអ៊ុយក្រែន រុស្ស៉ី និងអន្តរជាតិ បានទទួលស្គាល់ថា នាពេលនេះ គឺវាហាក់ពុំមានលទ្ធភាពនោះឡើយ​នៃកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងអ៊ុយក្រែននិងរុស្ស៉ី ស្របពេលដែលសង្រ្គាមនៅតែតានតឹង ហើយទីក្រុងកៀវកំពុងតែ​ព្យាយាមដណ្តើមទឹកដីរបស់ខ្លួនមកវិញ តាមរយៈប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ។

យ៉ាងណាមិញ ទន្ទឹមគ្នានេះ អ៊ុយក្រែនកំពុងមានគោលដៅកសាង ការគាំទ្រផ្នែកការទូតឱ្យកាន់តែធំថែមទៀត លើសពីការគាំទ្រដែលខ្លួន​ទទួលបានពីក្រុមប្រទេសលោកខាងលិច តាមរយៈការបង្កើនប្រាស្រ័យទាក់ទង ជាមួយក្រុមប្រទេសលោកខាងត្បូង ដូចជាប្រេស៉ីល ឥណ្ឌា និងអាហ្រ្វិកខាងត្បូង ជាដើម ដែលភាគច្រើននៅតែបន្តប្រកាន់ជំហរអព្យាក្រឹត។ ក្នុងសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយថា កិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត នឹងអាចជួយនាំទៅរក «កិច្ចប្រជុំកំពូលសន្តិភាព» រវាងក្រុមមេដឹកនាំពិភពលោក ក្នុងសរទរដូវឆ្នាំនេះ ហើយផ្តល់ការគាំទ្រលើរូបមន្តសន្តិភាព១០ចំណុចរបស់លោក។ រូបមន្តសន្តិភាពរបស់​លោក ហ្សេលេនស្គី គឺត្រូវបានទីក្រុងមូស្គូបដិសេធ៕