(បាងកក)៖ នៅថ្ងៃសៅរ៍នេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា រូបលោកសម្រេចលើកពេលវេលាត្រឡប់ពីការនិរទេសខ្លួន ដើម្បីចូលមកកាន់ប្រទេសថៃវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។
លោក ថាក់ស៉ីន បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា លោកត្រូវការពេលត្រួតពិនិត្យសុខភាព ហើយលោកនឹងពន្យារពេលធ្វើដំណើរត្រឡប់ចូលស្រុកវិញ ដែលពីដំបូងឡើយត្រូវបានគ្រោងសម្រាប់ថ្ងៃទី១០ ខែសីហា ខណៈឥឡូវត្រូវលើកទៅប៉ុន្មានសប្តាហ៍ខាងមុខទៀតវិញ។ ការប្រកាសផ្អាកលើកពេលនៃផែនការត្រឡប់ចូលប្រទេសវិញរបស់លោក ថាក់ស៉ីន កើតមានឡើងបន្ទាប់ពីសភាថៃ បានសម្រេចពន្យារពេលបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ដែលត្រូវបានគ្រោងប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
គណបក្ស ភឿថៃ (Pheu Thai) គាំទ្រដោយលោក ថាក់ស៉ីន ដែលជាបក្សទទួលជ័យជម្នះចំណាត់ថ្នាក់លេខ២ ក្នុងការបោះឆ្នោតសកល កាលពីខែឧសភា កំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីគណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈបានច្រើនជាងគេ ក្នុងការបោះឆ្នោតសកល បានទទួលបរាជ័យដល់ទៅពីរលើក ដើម្បីឱ្យមេដឹកនាំខ្លួនគឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ក្លាយជានាយករដ្ឋមន្រ្តីថ្មី។ បក្ស ភឿថា បានអះអាងថា ខ្លួនគ្រោងនឹងតែងតាំងមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជាបេក្ខជននាយករដ្ឋមន្រ្តីរបស់ខ្លួន ដើម្បីឱ្យសភាបោះឆ្នោត។
គួរបញ្ជាក់ថា លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ គឺជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ នៅពេលដែលលោកត្រូវបានយោធា ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។ លោក ថាក់ស៉ីន បាននិងកំពុងរស់នៅដោយនិរទេសខ្លួន ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីគេចពីការជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទប្រកាន់អំពើពុករលួយ ដែលរូបលោកអះអាងថា មានចេតនានយោបាយ៕