(ម៉ូស្គូ)៖ រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រ (ទី៤ ខែសីហា) ថា ខ្លួនត្រូវការវិធានការជាក់ស្តែងមិនមែនជាវោហាសាស្ត្រពីសហរដ្ឋអាមេរិក ដើម្បីបំពេញលក្ខខណ្ឌដែលខ្លួនកំណត់ សម្រាប់ការវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣។
ប្រទេសរុស្ស៊ីកាលពីខែមុន បានបដិសេធមិនបន្តកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ទោះបីជាមានសង្រ្គាមក៏ដោយ ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះមិនបានបំពេញលក្ខខណ្ឌដែលខ្លួនបានទាមទារនោះទេ ខណៈដែលការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៉ីនៅតែជួបបញ្ហាដដែល។ ប៉ុន្តែបានគូសបញ្ជាក់ថា រុស្ស៉ីនៅត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញនៅពេលដែលបញ្ហាទាំងនេះត្រូវបានដោះស្រាយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនបើពួកគេចង់រួមចំណែកបំពេញចំណុចខ្វះចន្លោះក្នុងកិច្ចព្រមព្រៀង អាមេរិកត្រូវចាត់វិធានការជាក់ស្តែង តែមិនមែនជាការសន្យាដែលថាពួកគេនឹងពិចារណាវានោះទេ»។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាថារុស្ស៉ីអាចនាំចេញ ស្បៀងអាហារ ប្រសិនបើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមសមុទ្រខ្មៅដោយសុវត្ថិភាពត្រូវបានស្ដារឡើងវិញ។
រុស្ស៉ី កាលពីខែកក្កដាកន្លងទៅ បានសម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញធញ្ញជាតិតាមសមុទ្រខ្មៅ ដែលសម្រេចឡើងដោយមាន ការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងតួកគី ក្នុងខែកក្កដា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះមានគោលដៅបន្ធូរបន្ថយវិបត្តិស្បៀងអាហារសកល ដែលបង្កឡើង ដោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន៕