(ប៉េកាំង)៖ គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋអាមេរិកបាន "ឈ្លោះគ្នា" ម្តងទៀតហើយ! លើកនេះ គឺដោយសារក្រុមហ៊ុនវាយតម្លៃអន្តរជាតិFitchបានទម្លាក់ចំណាត់ថ្នាក់ ឥណទានរបស់អាមេរិកនៅថ្ងៃទី១ខែសីហា ពោលគឺបានទម្លាក់ចំណាត់ថ្នាក់លំនាំដើមនៃគ្រឹះស្ថាន ដាក់ចេញរូបិយប័ណ្ណបរទេសរយៈពេលវែង របស់អាមេរិកពីAAAមកនៅត្រឹមAA+។បន្ទាប់ពីចេញដំណឹងនេះត្រូវបានចេញផ្សាយ គណបក្សអាមេរិកទាំង២បានឈ្លោះប្រកែកគ្នានិងចោទប្រកាន់គ្នាទៅវិញទៅមក។ គណបក្សប្រជាធិបតេយ្យបានថ្លែងថា ការទម្លាក់ចំណាត់ថ្នាក់ឥណទានលើកនេះគឺជា "លទ្ធផលនៃវិបត្តិលំនាំដើម ដែលត្រូវបានបង្កឡើងដោយពួកគណបក្សសាធារណរដ្ឋ" រីឯគណបក្សសាធារណរដ្ឋវិញ បានសន្មត់ថាមូលហេតុគឺដោយសារ រដ្ឋាភិបាលរបស់លោកBidenធ្វើការមិនល្អក្នុងការដោះស្រាយកិច្ចការសេដ្ឋកិច្ច។

ជុំថ្មីនៃហ្គេម"ទម្លាក់កំហុសឱ្យគេ"រវាងគណបក្សទាំង២អាមេរិកបានបញ្ជាក់ពី មូលហេតុដ៏សំខាន់មួយដែលបណ្តាលឱ្យក្រុមហ៊ុនFitchទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក។ ក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អាមេរិកបានលេចចេញភាពជាប់គាំងនយោបាយ លើពិដានបំណុលម្តងហើយម្តងទៀត ហើយតែងតែអូសបន្លាសយរហូតដល់ ខណៈពេលចុងក្រោយទើបមានដំណោះស្រាយ ដែលបានកាត់បន្ថយជំនឿចិត្តរបស់ប្រជាជនចំពោះ សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់អាមេរិក។ អ្នកវិភាគបានយល់ឃើញថា នេះគឺជាការព្រមានដំបូងចំពោះវ៉ាស៊ីនតោនដែលថា ភាពបែកបាក់គ្នាខាងនយោបាយបានបណ្តាលឱ្យសមត្ថភាពអភិបាលកិច្ចមិនគ្រប់គ្រាន់។

នៅខែឧសភាឆ្នាំ២០២៣ ក្រុមហ៊ុនFitchក៏បានដាក់បញ្ចូលចំណាត់ថ្នាក់ឥណទានអធិបតេយ្យភាព របស់អាមេរិកទៅក្នុងបញ្ជីរាយនាម នៃការតាមដានអវិជ្ជមានហើយ។ ការទម្លាក់ចំណាត់ថ្នាក់ជាផ្លូវការលើកនេះ អាចចាត់ទុកថា ជាការបង្ហាញពីការអស់សង្ឃឹមនិងមិនពេញចិត្ត បន្ថែមទៀតចំពោះការធ្លាក់ចុះជាបន្តបន្ទាប់នៃសមត្ថភាព អភិបាលកិច្ចរបស់រដ្ឋាភិបាលអាមេរិក។

ទន្ទឹមនឹងការនេះ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនFitchបានចង្អុលបង្ហាញថា ស្ថានភាពសារពើពន្ធរបស់អាមេរិកក្នុង៣ឆ្នាំ ខាងមុខនឹងបន្តមានភាពអាប់អួ ហើយបំណុលរបស់រដ្ឋាភិបាលមានកម្រិតខ្ពស់ និងបន្តកើនឡើងថែមទៀត។ នេះត្រូវបានចាត់ទុកថា ជាការព្រមានទី២ចំពោះវ៉ាស៊ីនតោនដែលថា "បំណុលដ៏ធំ" របស់អាមេរិកគួរឱ្យអ្នកផងប្រុងប្រយ័ត្ន ហើយអនាគតនៃសេដ្ឋកិច្ចដែលពង្រីកបំណុលគួរឱ្យព្រួយបារម្ភ។

យោងតាមព័ត៌មាននៅលើវេបសាយរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបង្ហាញឱ្យឃើញថា គិតត្រឹមថ្ងៃទី៣១ខែកក្កដា ទំហំបំណុលរបស់រដ្ឋាភិបាលអាមេរិកមានដល់ទៅ៣២.៦ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងក្នុងចំនួនប្រជាជនអាមេរិកម្នាក់ ជំពាក់បំណុលជិត១សែនដុល្លារអាមេរិក។ ក្រុមហ៊ុនFitch បានព្យាករណ៍ថា រហូតដល់ឆ្នាំ២០២៥ អត្រានៃបំណុលរបស់រដ្ឋាភិបាលអាមេរិកក្នុង GDPនឹងកើនឡើងដល់១១៨.៥ភាគរយ។

សញ្ញាព្រមានទី៣ គឺទាក់ទិននឹងកេរ្តិ៍ឈ្មោះរបស់អាមេរិក ដែលប្រហែលនឹងពន្លឿនដំណើរការ"បដិដុល្លាររូបនីយកម្ម"។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្លែងនៅថ្ងៃទី២ខែសីហាថា ដើម្បីបង្ការភាពចលាចលក្នុងទីផ្សារហិរញ្ញវត្ថុ ដែលបណ្តាលមកពីការទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក នឹងពង្រឹងការត្រួតពិនិត្យទីផ្សារ។

មូលហេតុដែលប្រាក់ដុល្លារអាមេរិកក្លាយជារូបិយវត្ថុអន្តរជាតិ គឺអាស្រ័យលើឥណទានរបស់រដ្ឋាភិបាល។ បើសិនជាឥណទានត្រូវបានខូតខាត នោះអ្នកទាំងអស់នឹងធ្វើការជ្រើសរើសសារជាថ្មី។ ក្នុងមួយរយៈពេលមួយកន្លងមក ពីតំបន់ប្រភពថាមពលដ៏សំខាន់លើពិភពលោកដូចជាអាមេរិកឡាទីន មជ្ឈិមបូព៌ានិងអាហ្វ្រិកជាដើម រហូតដល់អឺរ៉ុបនិងអាស៊ីប៉ាស៊ីហ្វិក ដែលមានសម្ព័ន្ធមិត្តដ៏ច្រើនកុះកររបស់អាមេរិក មានប្រទេសកាន់តែច្រើនឡើងៗបាននិងគ្រោងធ្វើ "បដិដុល្លាររូបនីយកម្ម"រួចហើយ។

បន្ទាប់ពីក្រមហ៊ុនFitch បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក មន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើនរូប បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយបង្ហាញពីការមិនពេញចិត្តនិងកំហឹង។ បើនិយាយចំពោះអ្នកនយោបាយអាមេរិក ការចំណាយពេលក្នុងការ "ទម្លាក់កំហុសឱ្យគេ" មិនស្មើនឹងយកពេលមកគិតពីការធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចអាមេរិកវិញ ក៏ដូចជាស្ដារកិតិ្តយសរបស់ខ្លួនឱ្យប្រាកដប្រជា៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន