(អូស្លូ)៖ ក្រសួងយុត្តិធម៌របស់ប្រទេសដាណឺម៉ាក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប៉ូលិសកំពុងរឹតបន្តឹងការគ្រប់គ្រងព្រំដែន បន្ទាប់ពីការដុតគម្ពីគួរអាន (Koran) ដែលបង្កផលប៉ះពាល់ដល់ស្ថានភាពសន្តិសុខ ដោយស្រដៀងគ្នាទៅនឹងចំណាត់ការរបស់ស៊ុយអែត កាលពីដើមសប្តាហ៍នេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ដាណឺម៉ាក បានបញ្ជាក់ថា តាមការសន្និដានរបស់អាជ្ញាធរ វាចាំបាច់ក្នុងពេលនេះ ដើម្បីបង្កើនការយកចិត្តទុកដាក់លើអ្នកដែលចូលមកប្រទេសដាណឺម៉ាក ជាឆ្លើយតបទៅនឹងការគំរាមកំហែងចំពោះមុខ។ ការត្រួតពិនិត្យព្រំដែនកាន់តែតឹងតែង នឹងចាប់ផ្តើមរហូតដល់ថ្ងៃទី១០ ខែសីហា។

រដ្ឋមន្ត្រីយុត្តិធម៌ លោក ផេតធឺ ហ៊ូមិនកូប (Peter Hummelgaard) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា «ការដុតគម្ពីគួរអាននាពេលថ្មីៗនេះ គឺដូចដែលអ្វីមន្រ្តីប៉ូលិសបាននិយាយដូច្នោះដែរ ថាវាប៉ះពាល់ដល់ស្ថានភាពសន្តិសុខ នាពេលបច្ចុប្បន្ន»

គួរបញ្ជាក់ថា សកម្មជនប្រឆាំងក្នុងប្រទេសដាណឺម៉ាក និងស៊ុយអែត បាននាំគ្នាដុត និងបំផ្លាញច្បាប់ចម្លងមួយចំនួន នៃសៀវភៅពិសិដ្ឋរបស់ប្រជាជនកាន់សាសនាឥស្លាម ក្នុងរយៈពេលប៉ុន្មានខែថ្មីនេះ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានថ្កោលទោសចំពោះសកម្មភាពនេះ និងកំពុងពិចារណាលើច្បាប់ថ្មីដែលអាចបញ្ឈប់ពួកគេ។ ប៉ុន្តែ ក្រុមអ្នករិះគន់ក្នុងស្រុកនិយាយថា ការសម្រេចចិត្តបែបនេះ នឹងបំផ្លាញដល់សេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ៕