(ឡុងដ៍)៖ រុស្ស៉ីបានបង្កើនគោលដៅនៃការចំណាយលើវិស័យយោធារបស់ខ្លួន ក្នុងឆ្នាំ២០២៣នេះ ឡើងដល់ជាង១០០ពាន់លានដុល្លារ ដែលស្មើនឹង១ភាគ៣ នៃផែនការចំណាយផ្សេងៗសរុបរបស់រដ្ឋាភិបាល ចំពោះមុខសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ ដោយមិនទាន់មើលឃើញពន្លឺនៃទីបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣។
យោងតាមប្រភពដែល Reuters ទទួលបាន គឺត្រឹមអំលុងឆមាសដំបូងនៃឆ្នាំ២០២៣នេះ រុស្ស៉ីបានចំណាយលើវិស័យការពារជាតិ លើសពីគោលដៅថវិកាទំហំប្រមាណ៤.៩៨ទ្រីលានរូប្លិ៍ (៥៤ពាន់លានដុល្លារ) ដែលខ្លួនបានកំណត់ដំបូង សម្រាប់ឆ្នាំ២០២៣ ដល់ទៅខ្ទង់១២ភាគរយ ឬស្មើនឹង ៦០០ពាន់លានរូបិ៍្ល (៦.៣៤ពាន់លានដុល្លារអាមេរិក) រួចស្រេចទៅហើយ។ ដូច្នេះហើយ ការចំណាយប្រចាំឆ្នាំលើវិស័យយោធារុស្ស៉ី ក្នុងឆ្នាំ២០២៣នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងមានទំហំ៩.៧ទ្រីលានរូប្លិ៍ (ជាង១០០ពាន់លានដុល្លារ) ដែលស្មើនឹង១ភាគរយ នៃផែនការចំណាយសរុបរបស់រដ្ឋាភិបាលរុស្ស៉ី សម្រាប់ឆ្នាំនេះ គឺ២៩.០៥ទ្រីលានរូប្លិ៍ (ជាង៣១០ពាន់លានដុល្លារ)។
គួរបញ្ជាក់ថា កាលពីចន្លោះឆ្នាំ២០១១-២០២២ ប្រទេសរុស្ស៉ីបានចំណាយក្នុងកម្រិតអប្បបរមា ១៣.៩ភាគរយ និងក្នុងកម្រិតអតិបរមា ២៣ភាគរយ នៃកញ្ចប់ថវិកាសរុបរបស់ខ្លួន ទៅលើវិស័យការពារជាតិ៕