(កូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកទេសបេះដូងដើម្បី «តាមដានសុខភាព» ប្រភពមួយបានប្រាប់ AFP នៅថ្ងៃព្រហស្បតិ៍ (៣ សីហា) ឆ្នាំ២០២៣។
អតីតមេដឹកនាំវ័យ ៩៨ឆ្នាំរូបនេះ គឺជាឥស្សរជននយោបាយលេចធ្លោបំផុតរបស់ម៉ាឡេស៊ី ដោយបានកាន់តំណែងជានាយករដ្ឋមន្ត្រីពីរដងក្នុងរយៈពេល ២៤ឆ្នាំ។
ប្រភពស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោកត្រូវបានគេនាំទៅវិទ្យាស្ថានជាតិបេះដូងនៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃអង្គារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ប្រភពដដែលនេះបាននិយាយទៀតថា «លោកមិនអីទេ ហើយស្ថិតនៅក្រោមការសង្កេតតាមដាន»។
មន្ត្រីម្នាក់ទៀតដែលស្និទ្ធនឹង លោក Mahathir ដែរនោះបាននិយាយថា អតីតមេដឹកនាំ «មិនមានគ្រោះថ្នាក់ទេ។ លោកកំពុងត្រូវបានព្យាបាលជំងឺឆ្លង»។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ អតីតនាយករដ្ឋមន្ត្រីរូបនេះបានទទួលរងនូវបញ្ហាបេះដូងជាច្រើនលើក ដោយបានគាំងបេះដូងជាច្រើនដង និងបានទទួលការវះកាត់ផងដែរ៕