(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានអញ្ជើញប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម (UAE) ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន ហ្សាអ៉ីត អាល់ ណាយ៉ាន (Mohammed bin Zayed Al Nahyan) ទៅបំពេញទស្សនកិច្ចផ្លូវការក្នុងក្រុងតេហេរ៉ង់ នាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៣។

អេមីរ៉ាត់អារ៉ាប់រួម ដែលជាប់គាំងក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ អស់រយៈពេលជាងមួយសតវត្សមកហើយនោះ បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងឡើងវិញនៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីមានការវាយប្រហារនៅក្នុងដែនទឹកនៃតំបន់ឈូងសមុទ្រ និងលើទីតាំងថាមពលរបស់អារ៉ាប៊ីសាអូឌីត។ កាលពីខែមេសា អ៉ីរ៉ង់ ក៏បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅអេមីរ៉ាត់អារ៉ាប់រួម ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ ២០១៦។

គួរបញ្ជាក់ថា ទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាមជ្ឈមណ្ឌលផ្សារភ្ជាប់ដ៏សំខាន់មួយជាយូរមកហើយរបស់អ៉ីរ៉ង់ ទៅនឹងពិភពលោក៕