(ដាកា)៖ តុលាការប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធសប្តាហ៍នេះ បានកាត់ទោសកំបាំងមុខលើប្រធានស្តីទី នៃគណបក្សជាតិនិយមបង់ក្លាដែស (BNP) និងភរិយា ឲ្យជាប់ពន្ធនាគារ ក្រោយរកឃើញថាពួកគេមានទោស ពីបទរក្សាទុកទ្រព្យសម្បត្តិលើសពីប្រាក់ចំណូលដែលបានប្រកាស។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័តមាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។

រដ្ឋអាជ្ញាសាធារណៈ លោក ម៉ាសារ៉ូហ្វ ហូសសេន (Mosharrof Hossain) បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមានសាលក្រមនោះថា លោក តារីច រ៉ាហ៍មែន (Tarique Rahman) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២៧៤,២០០ដុល្លារ ក្នុងសំណុំរឿងចោទប្រកាន់កាលពីឆ្នាំ២០០៧។ ចំណែក ភរិយារបស់លោក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ។

គណបក្ស BNP បានច្រានចោលសេចក្តីសម្រេចរបស់តុលាការ ដោយចាត់ទុកថាជា សាលក្រមកំណត់តាមរយៈដំណើរការកាត់ក្តី ដែលធ្វើឡើងតាមផែនការរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងក្រុមសិទ្ធិមនុស្សអន្តរជាតិ កំពុងសម្តែងការព្រួយបារម្ភ អំពីរបាយការណ៍នៃការបំភិតបំភ័យ អំពើហិង្សាផ្នែកនយោបាយ អំឡុងពេលមានបាតុកម្មនៅបង់ក្លាដែស កាលពីចុងសប្តាហ៍មុន ដើម្បីទាមទារឲ្យ លោកស្រីនាយករដ្ឋមន្រ្តី សាអ៉ីក ហាស៉ីណា (Sheikh Hasina) ចុះចេញពីតំណែង។

គួរបញ្ជាក់ថា បង់ក្លាដែសមិនមានកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយចក្រភពអង់គ្លេស ជាទីដែល លោក រ៉ាហ៍មែន និងភរិយាបានរស់នៅ តាំងតែពីឆ្នាំ ២០០៨មកនោះទេ។ ប៉ុន្តែអ្នកទាំងពីរនឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើពួកគេត្រលប់មកបង់ក្លាដែសវិញ៕