(ប្រាស៉ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៉ីល កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ប្រទេសរបស់លោក កំពុងបន្តខំប្រឹងប្រែងធ្វើការដើម្បី​ជួយស្វែងរកសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមេដឹកនាំអ៊ុយក្រែននិងមេដឹកនាំរុស្ស៉ី សុទ្ធតែពុំទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ដើម្បីអង្គុយចរចាគ្នាអំពីសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបរទេស នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បានប្រាប់ថា ទាំងលោក ពូទីន និងលោក ហ្សេលេនស្គី សុទ្ធតែពុំទាន់ត្រៀមខ្លួនដូចគ្នា ខណៈសំណើសន្តិភាពដែលរូបលោក កំពុងព្យាយាមស្វែងរកជាមួយប្រទេសដទៃទៀត នឹងរួចរាល់នៅពេលដែលរុស្ស៉ីនិងអ៊ុយក្រែន មានឆន្ទៈ​ចរចាគ្នាដោយប្រាកដប្រជា។

គួរបញ្ជាក់ថា មេដឹកនាំប្រេស៉ីលរូបនេះ បានព្យាយាមបង្កើតក្រុមប្រទេសអព្យាក្រឹតមួយ ដើម្បីជំរុញឱ្យកិច្ចពិភាក្សាសន្តិភាពអាចដំណើរការ។ កន្លងមក លោក លូឡា ក៏បានទទួលរងការរិះគន់ផងដែរ ដោយសារតែការលើកឡើងថា អ៊ុយក្រែននិងរុស្ស៉ី មានបន្ទុកទទួលខុសត្រូវស្មើគ្នា សម្រាប់ការបង្កឱ្យសង្រ្គាមផ្ទុះឡើង។ ក្នុងសន្និសីទសារព័ត៌មានខាងលើ លោក លូឡា ក៏បានបន្ទោសលើសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថែមទៀតផង ដោយសារមិនជួយទប់ស្កាត់សង្រ្គាម។

លោកប្រធានាធិបតីប្រេស៉ីល បាននិយាយយ៉ាងដូច្នេះថា «ក្រុមប្រឹក្សាសន្តិសុខ UN ហាក់មិនមានប្រសិទ្ធភាពអ្វីឡើយ។ សហរដ្ឋអាមេរិកបានឈ្លានពានអ៉ីរ៉ាក់, បារាំងនិងអង់គ្លេសបានឈ្លានពានលីប៊ី ហើយឥឡូវដល់ពេលរុស្ស៉ី ខណៈប្រទេសទាំងអស់នេះ សុទ្ធតែមានអំណាចវេតូ»