(សិង្ហបុរី)៖ អាជ្ញាធរសិង្ហបុរីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បុរសអាយុ៣៩ឆ្នាំម្នាក់ ដែលមានទោសពីបទជួញគ្រឿងញៀនហេរ៉ូអ៉ីន (heroin) ទើបតែត្រូវបានប្រហារជីវិត ខណៈអ្នកទោសរូបនេះ គឺជាជនទី៥ហើយ ដែលត្រូវបានព្យួរកនៅប្រទេសសិង្ហបុរីក្នុងឆ្នាំនេះ និងជាជនទី៣ គិតក្នុងរយៈពេលត្រឹមតែជាង ១សប្តាហ៍ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។
លោក ម៉ូហាំម៉ាត់ សាលឡេះ អាប់ឌុល ឡាទីហ្វ (Mohamed Shalleh Adul Latiff) ត្រូវបានផ្តន្ទាទោសប្រហារជីវិត សម្រាប់ការកាន់កាប់គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន ទម្ងន់ប្រហែល៥៥ក្រាម ក្រោមគោលដៅទុកជួញដូរកាលពីឆ្នាំ២០១៩។ ការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនសិង្ហបុរី CNB បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទោសប្រហារជីវិតរបស់លោក ត្រូវបានអនុវត្តនៅថ្ងៃព្រហស្បតិ៍នេះ។
លោក សាលឡេះ អាប់ឌុល ឡាទីហ្វ បានក្លាយជាអ្នកទោសទី១៦ហើយ ដែលត្រូវបានប្រហារជីវិត គិតចាប់តាំងតែពីរដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្តើមអនុវត្ត ការប្រហារជីវិតឡើងវិញ កាលពីខែមីនា ឆ្នាំ២០២២ ក្រោយផ្អាករយៈពេល២ឆ្នាំ អំលុងការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីសប្តាហ៍មុន សិង្ហបុរីក៏ទើបតែបានប្រហារជីវិតអ្នកទោស ២នាក់ ម្នាក់ជាបុរសនិងម្នាក់ជាស្រ្តី ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ផងដែរ។
គួរបញ្ជាក់ថា សិង្ហបុរីមានការផ្តន្ទាទោសប្រហារជីវិត សម្រាប់បទឧក្រិដ្ឋមួយចំនួន រួមមានទាំងឃាតកម្ម ហើយក៏ជាប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយ លើពិភពលោកផងដែរ។ នៅប្រទេសសិង្ហបុរី ការជួញកញ្ឆាលើសពី៥០០ក្រាម និងហេរ៉ូអ៉ីនលើសពី១៥ក្រាម អាចត្រូវប្រឈមទោសប្រហារជីវិតបាន៕