(បាងកក)៖ ប្រធានរដ្ឋសភាថៃនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ក្នុងសម័យប្រជុំរួមរដ្ឋសភានិង​ព្រឹទ្ធសភា ដែលគ្រោងធ្វើឡើងក្នុងសប្តាហ៍នេះ គឺត្រូវបានពន្យារពេល។ ​នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។

ការពន្យារពេលខាងលើកើតឡើង បន្ទាប់ពីតុលាការធម្មនុញ្ញថៃ នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសលើកពេលសម្រេចចិត្តលើសំណុំរឿងមួយ ដែលតវ៉ាចំពោះការបដិសេធរបស់សភា កាលពីពេលកន្លងទៅ ក្នុងការអនុញ្ញាតឱ្យមេដឹកនាំគណបក្សដែលឈ្នះឆ្នោត Move Forward គឺ លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ទទួលបានឱកាសលើកទី២ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ ប្រការនេះកំពុងធ្វើឱ្យ ប្រទេសថៃស្ថិតក្នុងភាពជាប់គាំងផ្នែកនយោបាយ រយៈពេលជិត៣ខែហើយ គិតចាប់តាំងពីការបោះឆ្នោតសកល កាលពីខែឧសភាមក។

កាលពីខែកក្កដា គណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតសកល បានព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថៃថ្មី ប៉ុន្តែការប៉ុនប៉ងក្លាយជានាយករដ្ឋមន្រ្តីរបស់លោក Pita ត្រូវបានរាំងខ្ទប់ ក្នុងការបោះឆ្នោតរួមរវាងរដ្ឋសភានិង​ព្រឹទ្ធសភាថៃ កាលពីថ្ងៃទី១៣ ខែកក្កដា ខណៈមួយសប្តាហ៍ក្រោយពេលនោះ លោក Pita ក៏ត្រូវបានសភាបដិសេធលែងឱ្យអាចត្រូវតែងតាំង​ជា បេក្ខជននាយករដ្ឋមន្រ្តីទៀតតែម្តង។

ការិយាល័យទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ ក៏បានស្នើឱ្យតុលាការធម្មនុញ្ញកាត់សេចក្តី ថាតើការសម្រេចចិត្តខាងលើរបស់សភា សមស្របតាមរដ្ឋធម្មនុញ្ញដែរឬយ៉ាងណា។ ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ តុលាការបាននិយាយថា ខ្លួនត្រូវការពេលវេលានិងភស្តុតាង​បន្ថែម ដើម្បីសម្រេចថាគួរឬមិនគួរទទួលយកសំណុំរឿង ហើយនឹងពិចារណាលើបញ្ហានោះ នៅថ្ងៃទី១៦ ខែសីហា។

ក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ ម៉ូហាម៉ាត់ ណួរ ម៉ាថា (Wan Muhamad Noor Matha) បានប្រកាសថា ការបោះឆ្នោតលើកទី៣ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្តាហ៍នេះ នឹងត្រូវលើកទៅពេលក្រោយ ពោលគឺត្រូវរង់ចាំការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី១៦ ខែសីហា សិន។

គួរបញ្ជាក់ថា ស្ថានការណ៍វិវឌ្ឍន៍ខាងលើកើតមាន មួយថ្ងៃបន្ទាប់ពីគណបក្ស Move Forward បានដកខ្លួនចេញពីក្រុមចម្រុះដែលកំពុង​ព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ហើយឥឡូវដឹកនាំដោយគណបក្ស ភឿថៃ (Pheu Thai) ដែលជាបក្សឈ្នះបានអាសនៈច្រើនលំដាប់ទី២ ក្នុងការបោះឆ្នោតសកល។ ភឿថា គ្រោងតែងតាំងបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា​ ថាវីស៉ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តី។

ដោយមិនមានអាសនៈ១៥១ របស់​ Move Forward គណបក្ស Pheu Thai បាននិងកំពុងស្ថិតក្នុងការពិភាក្សាជាមួយគណបក្ស​ផ្សេងៗទៀត ដើម្បីព្យាយាមកសាងសំឡេងភាគច្រើននៅក្នុងសភា។ ក្នុងចំណោមនោះ រួមមានទាំងគណបក្សមួយចំនួន ដែលពាក់ព័ន្ធ​​ជាមួយរដ្ឋាភិបាលចាំផ្ទះ ដែលគាំទ្រដោយយោធាថែមទៀតផង ខណៈប្រការនេះបានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ Move Forward និង​សូម្បីតែអ្នកគាំទ្រមួយចំនួនរបស់ Pheu Thai ផ្ទាល់ មានការមិនពេញចិត្ត៕