(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានសម្រេចបង្គាប់ឱ្យជម្លៀសខ្លួនបុគ្គលិកមួយចំនួនព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ចេញពីស្ថានទូតនៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារយោធាបានកើតឡើង នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីលឡឺ (Matthew Miller) បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយសារស្ថានការណ៍វិវឌ្ឍន៍បច្ចុប្បន្ននៅប្រទេសនីហ្សេ និងដើម្បីជាវិធានការបង្ការ ក្រសួងការបរទេសបានបង្គាប់ឱ្យមានការជម្លៀសខ្លួន ជាបណ្តោះអាសន្នសម្រាប់បុគ្គលិកមិនសូវចាំបាច់ និងសមាជិកគ្រួសាររបស់ពួកគេ ចេញពីស្ថានទូតអាមេរិក នៅក្នុងទីក្រុងនីញ៉ាម៉េ»។ បើតាមលោក មីឡឺ ទោះជាបែបនេះក្តី ស្ថានទូតអាមេរិកនឹងនៅបើកដំណើរការដដែល ហើយក្រុមមន្រ្តីថ្នាក់ដឹកនាំស្ថានទូត នឹងបន្តធ្វើការនៅទីនោះដដែល។ ទន្ទឹមគ្នា អាមេរិកក៏កំពុងណែនាំប្រជាជនខ្លួន កុំឱ្យធ្វើដំណើរទៅប្រទេសនីហ្សេ ថែមទៀតផង។
គួរបញ្ជាក់ថា បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអ៉ីតាលី សុទ្ធតែមានកងទ័ពឈរជើងនៅនីហ្សេ ក្នុងបេសកកម្មបណ្តុះបណ្តាល និងជួយយោធានីហ្សេ ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា (Al Qaeda) និងក្រុម ISIS ជាដើម។ នាពេលនេះ បារាំងនិងអ៉ីតាលី ក៏បាននិងកំពុងជម្លៀសខ្លួនពលរដ្ឋអឺរ៉ុប ចេញពីប្រទេសនីហ្សេផងដែរ។ យ៉ាងណាមិញ ពុំទាន់មានសេចក្តីប្រកាសអំពីការដកកងទ័ពនៅឡើយទេ ខណៈអាមេរិកមានទាហានប្រហែល១,១០០នាក់ នៅប្រទេសអាហ្រ្វិកខាងលិចមួយនេះ៕