(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដោយអះអាងថាត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅវិញភ្លាមៗ នៅពេលណាដែលក្តីកង្វល់របស់រុស្ស៉ីត្រូវបានដោះស្រាយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។

នេះជាការអត្ថាធិប្បាយរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) មួយថ្ងៃបន្ទាប់ពីបេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ និយាយថាមាន «សញ្ញាវិជ្ជមានខ្លះ» ដែលថារុស្ស៉ីចាប់អារម្មណ៍ក្នុងការត្រលប់ទៅរកការពិភាក្សា អំពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឲកយអ៊ុយក្រែននាំចេញ គ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដោយសុវត្ថិភាព។

លោក ប៉េសកូវ គូសបញ្ជាក់ថា «លោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៉ី ដោយមិនគិតពីតម្រូវការរបស់សហគមន៍ពិភពលោកសម្រាប់ម្ហូបអាហារ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដឹងយ៉ាងច្បាស់អំពីរឿងនេះ។ រុស្ស៉ី ក៏ដូចជាលោកប្រធានាធិបតី ពូទីន បាននិយាយរឿងនេះ ១០០ដងរួចហើយថា ត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងនេះដោយខ្លួនឯងភ្លាមៗ... គ្រាន់តែត្រូវមានការអនុវត្តលក្ខខណ្ឌពាក់ព័ន្ធនឹងរុស្ស៉ីកន្លងមក។ ដូចដែលអ្នកបាន ដឹងស្រាប់ហើយ ​មិន​ទាន់មានការធ្វើអ្វីទាល់តែសោះ»

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិកាលពីខែកក្កដា ក្រោមហេតុផលថាសហគមន៍អន្តរជាតិបរាជ័យក្នុងការធានាថា រុស្ស៉ីក៏អាច នាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់ខ្លួនដោយសេរីជាផ្នែកលើកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែលោកខាងលិចថា ការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៉ី មិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ពួកគេនោះទេ ខណៈទីក្រុងមូស្គូថា ការរឹតបន្តឹងលើការទូទាត់ ការដឹកជញ្ជូន និងការធានារ៉ាប់រង គឺជាឧបសគ្គ ចំពោះការដឹកជញ្ជូនរបស់ខ្លួន៕