(អាំស្ទឺរដាំ)៖​ ប្រជាជនអ៊ុយក្រែនដែលកំពុងរស់នៅលើទឹកដីដែលទាហានរុស្ស៉ី កំពុងកាន់កាប់ត្រូវបានបង្ខំឱ្យបោះបង់អត្តសញ្ញាណរបស់ខ្លួន ហើយទទួលយក សញ្ជាតិជាពលរដ្ឋរុស្ស៉ី ដើម្បីចៀសវាងពីការធ្វើបាប ឬការឃុំខ្លួន។ នេះបើតាមក្រុមអ្នកសា្រវជ្រាវគាំទ្រដោយសហរដ្ឋអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Yale មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថាជាផ្នែកមួយនៃផែនការរបស់ទីក្រុងមូស្គូ ដើម្បីអះអាងពីសិទ្ធិ អំណាចលើប្រជាជនអ៊ុយក្រែន ប្រជាជនរស់លើទឹកដីដែលទាហានរុស្ស៉ីកំពុង ក្នុងតំបន់លូហានស៍ (Luhansk) ដូណេត (Donetsk) ខឺសុន (Kherson)និងហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhya) កំពុងរងការបង្ខិតបង្ខំជាលក្ខណៈប្រព័ន្ធឱ្យបោះបង់ចោលអត្តសញ្ញាណ និងសញ្ជាតិជាពលរដ្ឋអ៊ុយក្រែនរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកសា្រវជ្រាវខាងលើដដែល ការចុះហត្ថលេខាលើក្រឹត្យជាបន្តបន្ទាប់ដោយប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានបង្ខំឱ្យប្រជាជនអ៊ុយក្រែន ទទួលយកលិខិតឆ្លងដែនរុស្ស៉ី ដែលនេះជាទង្វើបំពានច្បាប់អន្តរជាតិ។ ប៉ុន្តែ​ខាងវិមានក្រឹមឡាំង បានបដិសេធចោលទាំងនេះ៕