(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះបានបង្ហាញក្ដីរំពឹងថាកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពរបស់អ៊ុយក្រែន អាចនឹង រៀបចំឡើងនៅក្នុងសរទរដូវឆ្នាំនេះ ហើយថាកិច្ចពិភាក្សាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅសប្ដាហ៍នេះគឺជាការបោះជំហានទៅរកគោលដៅនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើប្រាប់មន្ត្រីការទូតអ៊ុយក្រែន នៅក្នុងសុន្ទរកថាមួយចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន ជាមួយ ការបញ្ជាក់ដែរថាក្រុមមន្ត្រីមកពីប្រទេសជាង ៤០ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំដែលនឹងរៀបចំឡើងនៅឯទីក្រុងជិតដាស់ (Jeddah) ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហានេះ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី និងក្រុមមន្ត្រីនៃរដ្ឋាភិបាលរបស់លោក កំពុងប្រឹងប្រែងស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព ដែលនឹងកំណត់លក្ខខណ្ឌដើម្បីបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីដែលបានអូសបន្លាយពេលជាង ១៨ខែមកនេះ។ កិច្ចប្រជុំដែលលោក ហ្សេលេនស្គី លើកឡើងថាអាចនឹងរៀបចំក្នុងសរទរដូវឆ្នាំ២០២៣នេះ គឺនឹងផ្ដោតជាចម្បងលើផែនការសន្តិភាព ១០ចំណុចរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ការស្ដារឡើងវិញយ៉ាងពេញលេញនូវបូរណភាពទឹកដីអ៊ុយក្រែន និងការដកកងទ័ពរុស្ស៉ីទាំងអស់ចេញពីទឹកដីអ៊ុយក្រែនជាដើម។

ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់មានការឯកភាពគ្នាថាតើកិច្ចប្រជុំនេះនឹងត្រូវរៀបចំនៅទីណានោះទេ ខណៈក្រុមមន្ត្រីអ៊ុយក្រែន និងលោកខាងលិចបញ្ជាក់ជា មុនថាកិច្ចប្រជុំនេះនឹងមិនរាប់បញ្ចូលរុស្ស៉ីនោះទេ៕