(ញូវដេលី)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ​​នៅថ្ងៃពុធ ទី២ ខែសីហានេះ បានរាយការណ៍ថានាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ទំនងជានឹងចូលរួម ក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស ​BRICS ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខែសីហានេះ តាមប្រព័ន្ធវីដេអូ ជាជាងទៅចូលរួមដោយផ្ទាល់។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីឥណ្ឌា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប៉ុន្តែ ខាងក្រសួងការបរទេសឥណ្ឌា បានបដិសេធអត្ថាធិប្បាយ រីឯការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា ក៏មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Reuters នោះដែរ។ លោកប្រធានាធិបតីរុស្ស៉ី លោក ពូទីន ក៏បានសម្រេចចិត្តរួចហើយដែរថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS តាមប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ថា ការចេញផ្សាយរបស់ Reuters កើតមានឡើងស្របពេលមានសេចក្ដីរាយការណ៍ថាចិន និងរុស្ស៉ី មានបំណងពិភាក្សាពីការទទួលសមាជិកថ្មីបន្ថែម នៅឯកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែឥណ្ឌាត្រូវបានគេរាយការណ៍ថាបានជំទាស់ទៅនឹងការប៉ុនប៉ងនេះ។ កាលពីខែកក្កដាកន្លងទៅ ឥណ្ឌា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) តាមប្រព័ន្ធវីដេអូ បន្ទាប់ពីបានប្ដូរចិត្តពីការរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ ក្នុងទីក្រុងញូដេលី ដោយមិនបានបញ្ជាក់ពីហេតុផលផ្លូវការណាមួយនោះឡើយ។

កិច្ចប្រជុំកំពូលនៃក្រុមប្រទេស BRICS ដែលមានសមាជិកដូចជាប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គ្រោងនឹងរៀបចំឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហានេះ នៅឯទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង៕