(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) និងភរិយារបស់លោក គឺអ្នកស្រី សូហ្វី (Sophie) នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាអ្នកទាំង២ បានសម្រេចចិត្តចែកផ្លូវគ្នាហើយ នៅក្នុងការប្រកាសដ៏ភ្ញាក់ផ្អើលមួយដែលនឹងបិទបញ្ចប់ចំណងអាពាហ៍ពិពាហ៍រយៈពេលជាង ១៨ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីប្រកាសមួយ គូស្វាមីភរិយាទាំង២ ក៏បាននិយាយដោយស្មោះត្រង់ផងដែរពីភាពរកាំរកូសនៃទំនាក់ទំនង ដែលធ្វើឱ្យអ្នកទាំង២ មិនបានទៅណា មកណាជាមួយគ្នា នៅតាមទីសាធារណៈនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក ឌ្រូដូ មានអាយុ ៥១ឆ្នាំ និងអ្នកស្រី សូហ្វី ក្រេហ្គ័រ (Sophie Gregoire) មានអាយុ ៤៨ឆ្នាំ បានរៀបការជាមួយគ្នាក្នុងឆ្នាំ២០០៥ និងមានកូនចំនួន ៣នាក់ ក្នុងនោះកូនចម្បងមានអាយុ១៥ឆ្នាំ កូនទី២ ១៤ឆ្នាំ និងកូនទី៣ មានអាយុ ៩ឆ្នាំ។

គួរបញ្ជាក់ថា​ ការប្រកាសចែកផ្លូវគ្នារវាងលោក ឌ្រូដូ និងអ្នកស្រី សូហ្វី កើតមានឡើង តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ឌ្រូដូ ធ្វើការរុះរើគណៈរដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ប្រជាប្រិយភាពនៃគណបក្សរបស់លោក និងត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៥៕