(តេហេរ៉ង់)៖ កងឆ្មាំបដិវត្តន៍ប៉ារ៉ាយោធាអ៊ីរ៉ង់ នៅថ្ងៃពុធសប្តាហ៍នេះបានចាប់ផ្តើមសមយុទ្ធយោធាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅលើកោះឈូងសមុទ្រអារ៉ាប់ ខណៈដែលយោធាអាមេរិកបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់។ នេះបើយោងរតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ សមយុទ្ធនេះផ្តោតសំខាន់លើកោះ Abu Musa ទោះបីជាកងឆ្មាំក៏បានចុះចតនៅលើកោះ Greater Tunb ក៏ដោយ។ របាយការណ៍បាននិយាយថា នាវា យន្តហោះគ្មានមនុស្សបើក និងអង្គភាពមីស៊ីលបានចូលរួមក្នុងសមយុទ្ធនេះផងដែរ។
អ៊ីរ៉ង់មិនបានផ្តល់ហេតុផលសម្រាប់ការផ្តួចផ្តើមធ្វើសមយុទ្ធនេះទេ ទោះបីជាសមយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ធ្លាប់បានកើតឡើងនាពេលកន្លងមកក៏ដោយ។
ឧត្តមសេនីយ Hussein Salami ដែលជាប្រធានឆ្មាំបាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ក្នុងអំឡុងពេលធ្វើសមយុទ្ធថា «យើងតែងតែខិតខំដើម្បីសុវត្ថិភាព និងសន្តិភាព នេះជាវិធីរបស់យើង»។
គួរបញ្ជាក់ថា សមយុទ្ធនេះបានកើតឡើងនៅពេលដែលទាហានម៉ារីន និងនាវិករាប់ពាន់នាក់នៅលើនាវាវាយប្រហារតាមសមុទ្ររបស់អាមេរិក USS Bataan និងនាវា USS Carter Hall កំពុងធ្វើដំណើរឆ្ពោះទៅកាន់ឈូងសមុទ្រអារ៉ាប់។
មន្ទីរបញ្ចកោណបាននិយាយថា ការដាក់ពង្រាយនេះគឺជាការឆ្លើយតបទៅនឹងការប៉ុនប៉ងនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់លំហូរសេរីនៃពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz និងដែនទឹកជុំវិញរបស់វា។
គួរបញ្ជាក់ថា ប្រហែល ២០ភាគរយនៃប្រេងរបស់ពិភពលោកបានឆ្លងកាត់ផ្លូវទឹកតូចចង្អៀតនេះ ដែលតភ្ជាប់ឈូងសមុទ្រអារ៉ាប់ទៅកាន់ពិភពលោក ដែលសហរដ្ឋអាមេរិកចាត់ទុកថា មានសារៈសំខាន់ចំពោះសន្តិសុខជាតិរបស់ខ្លួន និងដើម្បីរក្សាតម្លៃថាមពលពិភពលោកឱ្យមានស្ថិរភាព៕