(ហ្សាការតា)៖ ក្រសួងការពារជាតិឥណ្ឌូនេសស៊ី បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានអំពាវនាវឱ្យអារ៉ាប៊ីសាអូឌីត ជួយអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះសង្ឃឹមថា នឹងបង្កើតទំនាក់ទំនងសន្តិសុខជាយុទ្ធសាស្ត្រជាមួយព្រះរាជាណាចក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃពុធ ទី០២ ខែសីហា​ ឆ្នាំ២០២៣។

ទំនាក់ទំនងសន្តិសុខឥណ្ឌូណេស៊ី-អារ៉ាប៊ីសាអូឌីត ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងឆ្នាំ២០១៤ នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ។

កិច្ចសហប្រតិបត្តិការនេះត្រូវបានផ្តល់ការជំរុញបន្ថែមកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានធ្វើទស្សនកិច្ចនៅទីក្រុងហ្សាការតា ដើម្បីពិភាក្សាជាមួយសមភាគីឥណ្ឌូនេស៊ីលោក Prabowo Subianto ។

អ្នកនាំពាក្យការពារជាតិឥណ្ឌូនេស៊ី លោក Daniel Anzar Simanjuntak បាននិយាយដូច្នេះថា «ក្រសួងការពារជាតិចង់ពង្រឹងទំនាក់ទំនងការពារជាតិ ជាយុទ្ធសាស្ត្រជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីគាំទ្រគ្នាទៅវិញទៅមក និងលើកកម្ពស់សន្តិភាពពិភពលោក ជាពិសេសសន្តិភាពក្នុងតំបន់»។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ទៀតថា «អារ៉ាប៊ីសាអូឌីតអាចចូលរួមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិរបស់ឥណ្ឌូនេស៊ី តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ»។

ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គម្ចាស់ Khaled នៅហ្សាកាតា ធ្វើឡើងដើម្បីឆ្លើយតបនឹង​ដំណើរ​ទស្សនកិច្ច​របស់ លោក Subianto ដែលបានទស្សនកិច្ចទៅកាន់​ទីក្រុងរីយ៉ាទ កាលពី​ខែមីនា​ឆ្នាំមុន។

ក្រសួងការពារជាតិឥណ្ឌូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនថា វាជា «ពេលវេលាប្រវត្តិសាស្ត្រ» ហើយថា លោករដ្ឋមន្ត្រី Subianto «បានបង្ហាញទំនុកចិត្តថា អារ៉ាប៊ីសាអូឌីតនឹងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០របស់ខ្លួន ហើយសង្ឃឹមថាឧស្សាហកម្មការពារជាតិឥណ្ឌូនេស៊ី នឹងជាផ្នែកមួយនៃចក្ខុវិស័យនោះ»៕