(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនឱ្យបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងម៉ូស្គូបានបើកការវាយប្រហារទីតាំងដ៏សំខាន់ៗ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
ការលើកឡើងខាងលើ បានធ្វើឡើងនៅក្នុងការហៅទូរសព្ទមួយរវាងមេដឹកនាំទាំងពីរនៅថ្ងៃពុធសប្តាហ៍នេះ។
នាឱកាសនោះ មេដឹកនាំតួកគី លោក Erdogan បាននិយាយទៅកាន់លោក ពូទីន ថា «មិនគួរចាត់វិធានការណាមួយដែលនឹងធ្វើឱ្យភាពតានតឹងក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែតានតឹងឡើងនោះទេ»។
លោក Erdogan ដែលជាតួអង្គសំខាន់នៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលផុតសុពលភាពទៅហើយនោះ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនាំចេញស្បៀងអាហារ ដែលលោកបានហៅវាថាជា «ស្ពានឆ្ពោះទៅរកសន្តិភាព»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ បានអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ តាមរយៈកំពង់ផែសមុទ្រខ្មៅ ប៉ុន្តែត្រូវបានបញ្ចប់កាលពីខែមុន បន្ទាប់ពីទីក្រុងម៉ូស្គូបានដកខ្លួនចេញ។
នៅថ្ងៃពុធសប្តាហ៍នេះដែរ អ៊ុយក្រែនបានឱ្យដឹងថារុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅតំបន់ Odessa ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយកំណត់គោលដៅលើទីតាំងដែលប្រើប្រាស់ សម្រាប់នាំចេញគ្រាប់ធញ្ញជាតិ៕