(ប៉េកាំង)៖ «ស្មារតីសាមគ្គីមិត្តភាព» គឺជាប្រភពដ៏សំខាន់នៅក្នុងកីឡា ហើយក៏ជាកម្លាំងជំរុញដ៏មានឥទ្ធិពល នៅក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំជូនដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលកំពុងលូតលាស់នៅក្នុងថ្នាលបញ្ញវន្តប្រកបដោយឋាមភាព ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងមិត្តភាពរវាងមនុស្សជាតិ។ ស្មារតីនេះបានដក់ជាប់ជានិច្ចក្នុងក្រអៅបេះដូង របស់ប្រជាជាតិចិនតាំងពីរាប់ពាន់ឆ្នាំមកនេះ ហើយក៏ត្រូវបានរំលេចកាលពី៦២ឆ្នាំមុនរបស់លោក Paul Schleimer ស្ថាបនិកនៃសហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ បានចេញសេចក្តីប្រកាសស្តីពីកីឡាសាកលវិទ្យាល័យពិភពលោក ដោយហៅថាជា «ការជួបជុំនៃមិត្តភាពដ៏អស្ចារ្យ» ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានសង្ឃឹមថា «យុវជនអាចមើលពិភពលោកចម្រុះពណ៌ និងអរិយធម៌ចម្រុះតាមក្រសែភ្នែកសមភាព បរិយាប័ន្ននិងមិត្តភាព រៀនសូត្រនិងក្រេបយកបទពិសោធពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក តាមរយៈកម្លាំងយុវវ័យរបស់ខ្លួន»។

«ការគោរពតម្លៃមនុស្ស» គឺជាវប្បធម៌ចាក់ឫសគល់រាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន បានចារឹកទុកនៅក្នុងគុណតម្លៃនៃការប្រកួតកីឡាទាំងអស់ ហើយកាន់តែសកម្មនៅក្នុងស្មារតីរបស់យុវជនដែលជានិស្សិត នៅតាមសាកលវិទ្យាល័យនានាសរុបចំនួន៦៥០០នាក់ដែលមកពី ១១៣ប្រទេសនិងតំបន់បានចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យ លើកទី៣១នេះដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។ ទស្សនៈផ្តល់តម្លៃមនុស្សបានក្លាយជាសេចក្តីប្រកាសនិងវត្ថុបំណង នៃការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក ដូចនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនបានកត់សម្គាល់ថា សេចក្តីប្រកាសនិងវត្ថុបំណងនេះមិនត្រឹមតែជាស្មារតី នៃការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអំណោយផលសម្រាប់ការឆ្លើយតប នឹងការផ្លាស់ប្តូរនៃពិភពលោកនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរពេលវេលានិងប្រវត្តិសាស្រ្តផងដែរ។

«ឧត្តមភាពកម្លាំងឯកភាព» គឺជាប្រភពចលករដ៏សំខាន់នៅក្នុងការរួមកម្លាំងសាមគ្គី របស់ប្រជាជាតិចិនដែលបានសាងសមិទ្ធផលជាច្រើន សម្រាប់ប្រទេសចិននិយាយដោយឡែក សម្រាប់ពិភពលោកទាំងមូលនិយាយរួម ហើយក៏ជាយន្តការដ៏សំខាន់នៅក្នុងគុណតម្លៃ នៃការប្រកួតកីឡាផងដែរ។ ភាពជាម្ចាស់ផ្ទះរបស់ប្រទេសចិនក្នុងការរៀបចំ នូវព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យនេះកាន់តែចូលរួម ពង្រឹងនិងពង្រីកថែមទៀតនូវឧត្តមភាពកម្លាំងឯកភាពរួមរបស់អត្តពលិកទាំងអស់ ដែលជាយុវជនបន្តវេនដ៏រឹងមាំរបស់ពិភពលោក ក្នុងការរួមកម្លាំងសាមគ្គីគ្នាដើម្បីសម្រេចបាននូវសុបិនរួមគ្នា ស្របនឹងទស្សនៈរបស់ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានលើកឡើងថា «បំណងប្រាថ្នារបស់ប្រជាជននៃប្រទេសនានា ដែលចង់បានជីវភាពរស់នៅល្អប្រសើរគឺជាគោលដៅ ដែលយើងត្រូវខិតខំប្រឹងប្រែង ហើយនិន្នាការនៃយុគសម័យគឺសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះគឺមិនអាចរារាំងបានទេ»

«យុត្តិធម៌និងសច្ចធម៌» គឺជាមាគ៌ាអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការជាប់ជានិច្ច របស់ប្រទេសចិនដែលបាននិងកំពុងចូលរួមក្នុង ចរន្តនៃការអភិវឌ្ឍសកល ហើយទស្សនៈនេះបានអត្ថិភាពនៅក្នុងខ្លឹមសារនៃការប្រកួតកីឡាសាកលវិទ្យាល័យ ដែលនឹងផ្តល់ជាគតិដ៏សំខាន់សម្រាប់យុវជននៅក្នុងការរចនាពិភពលោក ប្រកបដោយភាពស្រស់បំព្រង បើកចំហ និងផ្តល់ប្រយោជន៍ដល់មនុស្សជាតិ។ ដូចទៅនឹងអ្វីដែលបានចែងនៅក្នុង《Olympic Truce》ថា ក្នុងអំឡុងពេលកីឡាអូឡាំពិក ទោះបីជាមានផ្ទុះសង្រ្គាមក្តី ក៏ភាគីជម្លោះត្រូវតែប្រកាសបទឈប់បាញ់ដែរ។ ពន្លឺបែបនេះពិតជាអ្វីដែលសង្គមមនុស្សជាតិ ត្រូវការសម្រាប់ដោះស្រាយបញ្ហាប្រឈម វាមិនត្រឹមតែដុតបំភ្លឺភ្លើងគប់នៃការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដុតបំភ្លឺភ្លើងគប់នៃសាមគ្គីភាព របស់មនុស្សជាតិផងដែរ ដូចទៅនឹងក្តីសង្ឃឹមចំពោះយុវជន នៅលើពិភពលោករបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានអះអាងថា «បើយុវជននៅពិភពលោកមានឧត្តមគតិ និងទំនួលខុសត្រូវ មនុស្សជាតិនិងមានអនាគត ហើយបុព្វហេតុដ៏ឧដុង្គឧត្តមនៃសន្តិភាពនិងការអភិវឌ្ឍនឹងមានក្តីសង្ឃឹម»

ជារួម ការប្រកួតកីឡាសាកលវិទ្យាល័យលើកទី៣១ ដែលប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះគឺជាមោទកភាពរបស់អត្តពលិក ដែលជាយុវជនបញ្ញវន្តបន្តវេនប្រកបដោយឋាមពលដ៏ខ្លាំងក្លា ក្នុងការចូលរួមចំណែកអភិវឌ្ឍពិភពលោកស្របតាមគោលការណ៍គ្រឹះ នៃស្មារតីរបស់កីឡាដែលប្រទេសចិនកំពុងបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនសំដៅផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ។ ពិធីប្រកួតកីឡាសាកលវិទ្យាល័យនេះពិតជាបានចូលរួម នៅក្នុងទស្សនវិជ្ជារយៈពេល១០ឆ្នាំមកនេះដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ក្រោមទម្រសន្តិភាពនិងការអភិវឌ្ឍ សម្រាប់មនុស្សជាតិទាំងមូល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន