(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តលើ《សៀវភៅសស្តីពីកិច្ចការពារជាតិឆ្នាំ២០២៣》 ដោយអះអាងថា ជប៉ុន “កំពុងប្រឈមមុខនឹងបរិយាកាសធានាសន្តិសុខដែលមានភាពតឹងរ៉ឹងនិងស្មុគ្រស្មាញបំផុតបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ” ហើយចាត់ទុកប្រទេសចិនជា “ការសាកល្បងជាយុទ្ធសាស្ត្រដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន” ។ ប្រព័ន្ធសារព័ត៌មានជប៉ុនមួយចំនួនយល់ឃើញថា ខាងវិស័យឃោសនាបំប៉ោងពី “ការគំរាមកំហែងរបស់ចិន” សៀវភៅសបានប្រើពាក្យកាន់តែខ្លាំងៗជាងឆ្នាំទៅ ។ អ្វីដែលហៅថា សៀវភៅសស្តីពីកិច្ចការពារ គឺជាឯកសាររដ្ឋាភិបាលប្រចាំឆ្នាំ ដែលជប៉ុនអធិប្បាយអំពីបរិយាកាសសន្តិសុខ និងគោលនយោបាយការពារជាតិរបស់ប្រទេសខ្លួន ។ កាលពីឆ្នាំ១៩៧០ រដ្ឋាភិបាលជប៉ុនបានប្រកាស《សៀវភៅសស្តីពីកិច្ចការពារជាតិ》ដំបូងគេបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយបានចេញផ្សាយមួយឆ្នាំម្តងចាប់ពីឆ្នាំ១៩៧៦ឡើងទៅ ។ សៀវភៅសឆ្នាំនេះជាសៀវភៅសច្បាប់ទីមួយ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនអនុម័តលើឯកសារ ស្តីពីការការពារសន្តិសុខចំនួន៣ដូចជា《យុទ្ធសាស្ត្រធានាសន្តិសុខជាតិ》ថ្មីជាដើមនិងផ្លាស់ប្តូរយ៉ាងខ្លាំងនូវគំនិតស្តីពីការការពារសន្តិសុខ និងគោលនយោបាយស្តីពីកិច្ចការពារជាតិ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ។

《សៀវភៅសស្តីពីកិច្ចការពារជាតិ》ច្បាប់ថ្មីបានលើកឡើងថា រំពឹងថា នឹងផ្តល់ថវិកាប្រហែល៤៣ទ្រីលានយ៉េនជប៉ុន (ត្រូវជាប្រហែល២,២ទ្រីលានយាន់ប្រាក់ចិន) ក្នុងរយៈពេល៥ឆ្នាំខាងមុខគឺដល់ឆ្នាំ២០២៧ ដើម្បីអភិវឌ្ឍអ្វីដែលហៅថា “សមត្ថភាពវាយបក” លើកកម្ពស់សមត្ថភាពការពារដែនអាកាសចម្រុះ និងសមត្ថភាពក្នុងវិស័យថ្មីដូចជាអវកាស បណ្តាញអ៊ីនធើណេតនិងរលកអេឡិចត្រូម៉ាញ៉េទិចជាដើម ក៏ដូចជា “លើកកម្ពស់ពីឬសគល់នូវកម្លាំងការពារជាតិ” ព្រមទាំង “ស្វែងរកការយោគយល់”អំពីការនេះ ។

ក្រៅពីនេះ ក្នុង《សៀវភៅសស្តីពីកិច្ចការពារជាតិ》ច្បាប់ថ្មី ពាក្យពាក់ព័ន្ធនឹង “សម្ព័ន្ធជប៉ុន-អាមេរិក”ជាដើមអាចរកឃើញនៅច្រើនកន្លែង ។ មួយរយៈពេលកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកបានចាត់ទុកប្រទេសចិនជា “ការសាកល្បងនៃភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុត”ដោយខុសឆ្គង ហើយទាមទារឱ្យជប៉ុនដែលជាសម្ព័ន្ធមិត្តរក្សាយុទ្ធសាស្ត្រឯកភាពគ្នាជាមួយខ្លួន ដើម្បីដើរតួនាទី “បង្កើនកម្លាំងទ្វេដង” ។ រដ្ឋាភិបាលលោក Fumio Kishida បានធ្វើតាមអាមេរិកភ្លាម ដែលចាត់ទុកការបង្កើនសម្ព័ន្ធភាពរវាងជប៉ុន និងអាមេរិកជាស្នូលក្នុងការធានាសន្តិសុខជាតិ ដើម្បីឆ្លើយតបយ៉ាងសកម្មនូវតម្រូវការខាងយុទ្ធសាស្ត្ររបស់អាមេរិក ។

បើនិយាយចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida ការឃោសនាបំប៉ោងការគំរាមកំហែង ពីបរទេសតាមរយៈ《សៀវភៅសស្តីពីកិច្ចការពារជាតិ》 ក៏មានការគិតពិចារណាពីការបង្វែរការយកចិត្តទុកដាក់ របស់ប្រជាជននិងលើកកម្ពស់អត្រាគាំទ្រផងដែរ ។ ដោយសាររងផលប៉ះពាល់មួយចំនួនដូចជាការឆ្លើយតប នឹងការឡើងថ្លៃនៃតម្លៃទំនិញមិនល្អជាដើម អត្រាគាំទ្រប្រជាមតិចំពោះរដ្ឋាភិបាលលោក Fumio Kishida នៅពេលថ្មីៗចុងក្រោយនេះបានធ្លាក់ចុះយ៉ាងខ្លាំង ។ ការស្ទង់ប្រជាមតិបានបង្ហាញថា អត្រាគាំទ្ររដ្ឋាភិបាលលោក Fumio Kishida បានធ្លាក់ចុះមកនៅត្រឹម២៨ភាគរយ គឺចូលក្នុង “កម្រិតប្រកបដោយគ្រោះថ្នាក់”ក្រោម៣០ភាគរយ ។ ព្រមពេលជាមួយគ្នានេះ ចំពោះផែនការស្តីពីការបង្កើនកម្លាំងការពារជាតិតាមរយៈវិធីតម្លើងពន្ធដែលរដ្ឋាភិបាលជប៉ុនបានបង្ខំឱ្យអនុវត្តនោះ ការស្ទង់ប្រជាមតិដែលទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនបានប្រកាសកាលពីខែមិថុនាបានឱ្យដឹងថា ប្រជាជនជប៉ុនចំនួន៨០ភាគរយសុទ្ធតែសម្តែងនូវការជំទាស់ ។

ពី “ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”ដែលបោះបង់ចោលនូវគោលការណ៍ “ផ្តោតលើតែការការពារ” រហូតដល់សៀវភៅសច្បាប់ថ្មីឃោសនាបំប៉ោងពីការគំរាមកំហែងពីប្រទេសជិតខាង ប្រកាសបន្ថែមថវិកាការពារជាតិ និងអភិវឌ្ឍសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ សហគមន៍អន្តរជាតិគួរតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះទង្វើប្រកបដោយគ្រោះថ្នាក់គ្រប់បែបយ៉ាងរបស់ភាគីជប៉ុន៕

វិទ្យុមិត្តភាពកម្ពុជាចិន