(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) បាននិយាយក្នុងបទសម្ភាសមួយនាថ្ងៃពុធនេះថា សង្រ្គាមរវាងតៃវ៉ាន់និងចិន មុខជានឹងបង្កើតលទ្ធផលយ៉ាងមហន្តរាយ សម្រាប់ពិភពលោកទាំងមូល ដោយសារតែដែនកោះនេះ មានសារសំខាន់ជាយុទ្ធសាស្រ្ត សម្រាប់ឧស្សាហកម្មបន្ទះឈីប ក៏ដូចជាសម្រាប់ច្រកផ្លូវដឹកជញ្ជូនទំនិញតាមកប៉ាល់របស់សកលលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។
ប្រមុខការទូតតៃវ៉ាន់រូបនេះ បាននិយាយថា សកម្មភាពវាយប្រហារក្នុងទម្រង់ណាមួយ ប្រឆាំងមកលើតៃវ៉ាន់ នឹងមានផលប៉ះពាល់រយៈពេលវែងជាសកល។ លោក វូ បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវធ្វើ គឺពន្យល់ប្រាប់សហគមន៍អន្តរជាតិថា ប្រសិនបើមានសង្រ្គាមនៅតៃវ៉ាន់ នោះវាក៏នឹងជះលទ្ធផលដ៏មហន្តរាយ សម្រាប់ពិភពលោកទាំងមូលផងដែរ»។ ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ហើយបានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្រួបបង្រួមគ្នាវិញនៅថ្ងៃណាមួយ ព្រមទាំងអាចប្រើកម្លាំងយោធា ប្រសិនបើចាំបាច់។ លោក វូ បានបន្តទៀតថា «ពួកយើងរំពឹងថា រដ្ឋាភិបាលចិននឹងមិនជ្រើសរើសជម្រើស ប្រើប្រាស់កម្លាំងយោធាប្រឆាំងមកលើតៃវ៉ាន់ឡើយ ព្រោះផលប៉ះពាល់របស់វា គឺមានកម្រិតធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ពិភពលោក»។
គួរបញ្ជាក់ថា ជាង៥០ភាគរយនៃទូកុងតឺណឺ ដែលដឹកបញ្ជូនតាមកប៉ាល់របស់ពិភពលោក គឺត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់។ ម៉្យាងវិញ តៃវ៉ាន់ក៏ទទួលបន្ទុកសឹងផ្តាច់មុខតែឯងផងដែរ សម្រាប់ការផលិតបន្ទះឈីបតូចៗ ដែលមានតួនាទីជាកម្លាំងជីវិតសម្រាប់សេដ្ឋកិច្ចសម័យទំនើប ហើយជាសមាសធាតុស្នូលដ៏សំខាន់សម្រាប់ឧបករណ៍នានា រួមមានតាំងពីម៉ាស៉ីនឆុងកាហ្វេធម្មតាៗ រហូតដល់សព្វាវុធដ៏ស្មុគស្មាញ ដូចជាមីស៉ីលនិងហេដ្ឋារចនាសម្ព័ន្ធការពារជាតិផ្សេងៗទៀត ជាដើម៕