(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៉ីបានវាយប្រហារលើកំពង់ផែផ្ទុកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ដែលកំពុងជំរុញតម្លៃស្បៀងអាហារសកលកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា «ចំណុចក្តៅបំផុតគឺនៅភាគខាងត្បូងប្រទេស។ រុស្ស៉ី បានវាយប្រហារម្តងទៀតលើកំពង់ផែផ្ទុកគ្រាប់ធញ្ញជាតិ សន្តិសុខស្បៀងពិភពលោក»។ ដោយគូសបញ្ជាក់ពីសក្តានុពល ក្នុងការចិញ្ចឹមមនុស្សរាប់លាននាក់ទូទាំងពិភពលោក ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កន្លែងស្តុកគ្រាប់ធញ្ញជាតិមួយ ក្នុងកំពង់ផែ Danube នៃទីក្រុងអ៉ីសម៉ែល (Izmail) ក្នុងតំបន់អូដេសា (Odesa) បានរងការខូចខាត។ ចំណែក អភិបាលតំបន់ Odesa លោក អូឡេហ៍ ឃីភឺ (Oleh Kiper) បានឲ្យដឹងថា នៅមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ ហើយបានបង្ហោះរូបថតជាច្រើនរបស់ក្រុមអ្នកពន្លត់អគ្គីភ័យ ដែលកំពុងព្យាយាមពន្លត់ភ្លើងឆេះអគារខ្ពស់មួយនៅជាប់នឹងដងទន្លេ។

គួរបញ្ជាក់ថា កំពង់ផែ Danube ដែលនៅត្រើយម្ខាងទៀតនៃទន្លេ Danube ទល់មុខប្រទេសរ៉ូម៉ានីដែលជាសមាជិកណាតូ គឺជាផ្លូវជំនួសដ៏សំខាន់ចេញពីអ៊ុយក្រែន សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ចាប់តាំងពីរុស្ស៉ីបិទច្រកសមុទ្រខ្មៅឡើងវិញ កាលពីពាក់កណ្តាលខែកក្កដា។ បន្ទាប់ពីការវាយប្រហារនេះ តម្លៃស្រូវសាលីក្នុងទីក្រុងឈីកាហ្គោ របស់សហរដ្ឋអាមេរិក កើនឡើង ៤% ដោយក្រុមពាណិជ្ជករមានការព្រួយបារម្ភជាថ្មីអំពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់សកល កើតចេញពីសង្រ្គាមនៅអ៊ុយក្រែន ដែលជាប្រទេសនាំចេញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក៕