(វ៉ាសូវី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ូឡូញបានប្រាប់ថា ខ្លួនកំពុងប្រញាប់ប្រញាល់បញ្ជូនកងទ័ពបន្ថែម ទៅកាន់ព្រំប្រទល់ភាគខាងកើតប្រទេស បន្ទាប់ពីចោទប្រកាន់បេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី ថាបានបំពានចូលដែនអាកាសរបស់ខ្លួន ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។
ក្រសួងការពារជាតិប៉ូឡូញ បាននិយាយថា ខ្លួនកំពុងបញ្ជូនកងកម្លាំងនិងធនធានបន្ថែម ក្នុងរួមមានទាំងឧទ្ធម្ភាគចក្រប្រយុទ្ធផងដែរ ហើយក៏បានរាយការណ៍ ពីហេតុការណ៍បំពានព្រំដែននេះ ឱ្យអង្គការណាតូ (NATO) បានដឹងថែមទៀតផង ខណៈភារធារីបេឡារុស ត្រូវបានកោះហៅឱ្យចូលខ្លួនផ្តល់ការបកស្រាយ។ យោធាប៉ូឡូញពីដំបូងភ្លាមៗ បានអះអាងថា មិនមានការបំពានព្រំដែនណាមួយកើតឡើងឡើយ ប៉ុន្តែក្រោយក៏បានទទួលស្គាល់ថា វាពិតជាបានកើតមានមែន។
ខាងក្រសួងការពារជាតិបេឡារុស បានបដិសេធការអះអាងរបស់ប៉ូឡូញ ហើយបាននិយាយថា ទីក្រុងវ៉ាសូវីបានផ្លាស់ប្តូគំនិតវិញភ្លាមៗ ជុំវិញឧប្បត្តិហេតុនោះ គឺហាក់ក្រោយបានពិគ្រោះយោបល់ជាមួយមេកើយរបស់ខ្លួន នៅឯបរទេស។ ទីក្រុងមីនស្កិ៍ថែមទាំងបានចោទប៉ូឡូញវិញថា ពាក្យសម្តីចោទប្រកាន់របស់ប៉ូឡូញ គឺជារឿងប្រឌិតដើម្បីប្រើជាលេស សម្រាប់ការប្រមូលផ្តុំកម្លាំងទ័ពរបស់ខ្លួន នៅតំបន់ព្រំដែន។
គួរបញ្ជាក់ថា ភាពតានតឹងរវាងប៉ូឡូញនិងបេឡារុស បានកើនឡើងបន្ទាប់ពីក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ត្រូវបានផ្លាស់ទៅឈរជើងនៅក្នុងទឹកបេឡារុស កាលពីខែកក្កដា ហើយកន្លងទៅថ្មីៗនេះ ក្រុមអ្នកប្រយុទ្ធរបស់ Wagner ក៏បានជួយធ្វើការបណ្តុះបណ្តាលកងកម្លាំងពិសេសបេឡារុស នៅឯទីក្រុងមួយ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មាននោះទេ ពីព្រំប្រទល់ប៉ូឡូញផងដែរ៕