(បាងកក)៖ ក្រុមចម្រុះដែលស្ថិតក្រោមការដឹកនាំនៃគណបក្ស ភឿថៃ (Pheu Thai) នឹងព្យាយាមបង្កើតរដ្ឋាភិបាលថៃថ្មី ក្នុងសប្តាហ៍នេះ ដោយពុំមានគណបក្ស Move Forward ចូលរួមឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។
ប្រទេសថៃបានបន្តនៅជាប់គាំងមិនទាន់មានរដ្ឋាភិបាលថ្មី ចាប់តាំងតាំងតែពីការបោះឆ្នោតសកល បានប្រព្រឹត្តទៅកាលពីខែឧសភា ហើយបានមើលឃើញគណបក្ស Move Forward ជាបក្សដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ ខណៈគណបក្ស Pheu Thai ទទួលបានការគាំទ្រលំដាប់ទី២។
នៅថ្ងៃពុធនេះ គណបក្ស Pheu Thai បានប្រកាសថា ខ្លួននឹងតែងតាំងលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីព្យាយាមដឹកនាំបង្កើតរដ្ឋាភិបាលតាមរយៈក្រុមចម្រុះមួយ ដែលមិនមានគណបក្ស Move Forward នៅក្នុងនោះទេ។
ថ្នាក់ដឹកនាំគណបក្ស Pheu Thai លោក ភូមិថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយថា រដ្ឋាភិបាលដឹកនាំដោយគណបក្សរបស់លោក នឹងមិនគាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះចេស្តាព្រះមហាក្សត្រថៃឡើយ ប៉ុន្តែនឹងផ្តោតទៅលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងនយោបាយ ដែលនៅចំពោះមុខ។
រីឯថ្នាក់ដឹកនាំ Pheu Thai មួយរូបទៀត គឺលោក ឆុនឡាណាន ស្រ៉ីកែវ (Chonlanan Srikaew) បានលើកឡើងថា កន្លងមកគណបក្សលោក បានផ្តល់ការគាំទ្រយ៉ាងអស់ពីលទ្ធភាពចំពោះគណបក្ស Move Forward ប៉ុន្តែឥឡូវ Pheu Thai គ្មានជម្រើសរើសអ្វីផ្សេង ក្រៅតែពីចែកផ្លូវជាមួយសម្ព័ន្ធមិត្តខ្លួននោះទេ ចំពោះមុខការប្រឆាំងយ៉ាងខ្លាំងក្លាលើសលប់ របស់ក្រុមអភិរក្សនិយមចំពោះ Move Forward។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ គណបក្ស Move Forward បានដឹកនាំក្រុមចម្រុះមួយ ដែលមាន៨គណបក្ស ក្នុងនោះរួមមានទាំង Pheu Thai ផងដែរ ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា។ Move Forward បានព្យាយាមដល់ទៅ២លើក ក្នុងការតែងតាំមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ជាបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីឱ្យសម័យប្រជុំរួមនៃរដ្ឋសភានិងព្រឹទ្ធសភាថៃបោះឆ្នោត ប៉ុន្តែពុំអាចទទួលបានជោគជ័យ។ គណបក្ស Move Forward បានប្រឈមនឹងការប្រឆាំងយ៉ាងរឹងមាំបែបនេះ គឺដោយសារតែគោលនយោបាយកំណែទម្រង់ដ៏ចម្រូងចម្រាស ជាពិសេសគឺការចង់ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ៕