(ប៉ារីស)៖ យន្តហោះយោធាជើងដំបូងៗ ដែលជម្លៀសជនជាតិអឺរ៉ុបភាគច្រើន ចេញពីប្រទេសនីហ្សេ បានចុះចតនៅទីក្រុងប៉ារីស និងទីក្រុងរ៉ូមហើយ នៅថ្ងៃពុធនេះ ដោយបារាំង និងប្រទេសផ្សេងទៀតរំពឹងថា នឹងនាំពលរដ្ឋរបស់ពួកគេបន្ថែមទៀតត្រឡប់មកវិញ ពីប្រទេសអាហ្រ្វិកខាងលិចមួយនេះ ក្រោយពីមានរដ្ឋប្រហារយោធា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។

ជើងហោះហើរដំបូងរបស់បារាំង ដឹកពលដ្ឋចំនួន ២៦២នាក់ បានចាកចេញពីប្រទេសនីហ្សេ កាលពីល្ងាចថ្ងៃអង្គារ ហើយបានចុះចត នៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ បារាំង នឹងបន្តដំណើរការជើងហោះហើរជម្លៀសពលរដ្ឋបន្ថែមទៀត នៅថ្ងៃពុធនេះ។ រីឯ យន្តហោះយោធាអ៉ីតាលីមួយគ្រឿង ដឹកពលរដ្ឋចំនួន ៨៧នាក់ពីប្រទេសនីហ្សេ ក៏បានទៅដល់ទីក្រុងរ៉ូមដែរ កាលពីព្រឹកថ្ងៃពុធនេះ។ នៅលើយន្តហោះនោះ មានជនជាតិអ៉ីតាលី ៣៦នាក់ ពលរដ្ឋអាមេរិក ២១នាក់ ប៊ុលហ្គារី ៤នាក់ អូទ្រីស ២នាក់ និងពលរដ្ឋម្នាក់មកពីអង់គ្លេស នីហ្សេ ហុងគ្រី សេណេហ្គាល់ និងនីហ្សេរីយ៉ា ក៏ដូចជាបុគ្គលិកយោធាផងដែរ។

គួរបញ្ជាក់ថា យោធាក្នុងប្រទេសនីហ្សេ បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី លោក មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) កាលពីថ្ងៃទី២៦ ខែកក្កដា ដែលជាការធ្វើរដ្ឋប្រហារលើកទី ៧ក្នុងរយៈពេលតិចជាង ៣ឆ្នាំ នៃតំបន់អាហ្វ្រិកខាងលិច និងកណ្តាល។ ដោយសារតែហានិភ័យនៃជម្លោះកាន់តែកើនឡើង បារាំង អ៉ីតាលី និងអេស្ប៉ាញ ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនតាមផ្លូវអាកាស៕