(តៃប៉ិ)៖ មេដឹកនាំរងនៃកោះតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) នឹងឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងញូយ៉ក (New York) និងទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ (San Francisco) នៅតាមផ្លូវធ្វើដំណើរទៅនិងមកពីប្រទេសប៉ារ៉ាហ្កាយ ជាទីដែលលោកត្រូវទៅចូលរួម​ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធីបតីប៉ារ៉ាហ្កាយថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៣។

ការិយាល័យមេដឹកនាំតៃវ៉ាន់ បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា លោក ឡៃ ដែលនឹងជាបេក្ខជននៃការបោះឆ្នោតជ្រើសរើសមេដឹកនាំ​អាណត្តិថ្មីរបស់ដែនកោះនេះ នៅខែមករា ឆ្នាំ២០២៤ នឹងឆៀងចូលទីក្រុងញូយ៉ក នៅថ្ងៃទី១២ ខែសីហា អំលុងពេលឆ្ពោះទៅកាន់ប្រទេសប៉ារ៉ាហ្កាយ ហើយនៅតាមផ្លូវត្រឡប់មកពីប្រទេសអាមេរិកអាឡាទីននោះវិញ លោកនឹងឆៀតចូលទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ នៅថ្ងៃទី១៦ ខែសីហា។ អនុរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក អាឡិចសាន់ដឺ យូអ៉ី (Alexander Yui) លើកឡើងយ៉ាងដូច្នេះថា «រឿងនេះមិនគួរបង្កការមិនពេញចិត្តចំពោះភាគីដទៃ ឬក្លាយជាលេសដើម្បីបង្កហេតុឡើយ»។

គួរបញ្ជាក់ថា គម្រោងឆៀតចូលទស្សនកិច្ចនៅសហរដ្ឋអាមេរិក របស់លោក ឡៃ ត្រូវបានរដ្ឋាភិបាលតៃវ៉ាន់ប្រកាសដំបូងតាំងតែពីខែកក្កដា ប៉ុន្តែមិនទាន់មានការផ្តល់ខ្លឹមសារលម្អិត។ ដំណឹងនោះ បានញ៉ាំងឱ្យមានការរិះគន់ពីទីក្រុងប៉េកាំង ដែលចាត់ទុកលោក ឡៃ ជាបុគ្គលចង់​បំបែករដ្ឋ ដ្បិតប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការដាក់សម្ពាធផ្នែកយោធានិងនយោបាយជាខ្លាំង ដើម្បីព្យាយាមបង្ខំឱ្យតៃវ៉ាន់ ទទួលយកការអះអាងអធិបតេយ្យ​របស់ទីក្រុងប៉េកាំង។

កាលពីខែសីហា ឆ្នាំ២០២២ ចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅជុំវិញតៃវ៉ាន់ ក្រោយខឹងសម្បារចំពោះការបំពេញទស្សនកិច្ចរបស់ លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ដែលកាលណោះជាប្រធានសភាតំណាងរាស្រ្តអាមេរិក ហើយទីក្រុងប៉េកាំងក៏បាន​ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំម្តងទៀត កាលពីខែមេសា ឆ្នាំនេះ ដើម្បីជាការឆ្លើយតបចំពោះ ជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) ជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្ន គឺលោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅសហរដ្ឋអាមេរិក អំលុងពេលលោកស្រីត្រឡប់មកពីបំពេញទស្សនកិច្ច នៅតំបន់អាមេរិកកណ្តាល៕