(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង បានយល់ព្រមឆ្លើយតបខ្លីបំផុតទៅកាន់បញ្ជាការដ្ឋានអង្គការសហប្រជាជាតិ អំពីទាហានអាមេរិកម្នាក់ដែលបានរត់ឆ្លងដែនពីកូរ៉េខាងត្បូង ចូលទៅក្នុងទឹកដីកូរ៉េខាងជើងកាលពីថ្ងៃទី១៨ ខែកក្កដា និងត្រូវបានចាប់ឃុំខ្លួនភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។

តែទោះជាបែបនេះក្ដី អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បាននិយាយថាកូរ៉េខាងជើងគ្រាន់តែបានទទួលដឹងពីសំណើរបស់បញ្ជាការដ្ឋាន UN ជុំវិញ ព័ត៌មានពីទាហានអាមេរិកឈ្មោះ Travis King តែប៉ុណ្ណោះ ដោយមិនបានបញ្ជាក់ព័ត៌មានលម្អិតអ្វីផ្សេងលើសពីនេះនោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារ សប្ដាហ៍នេះ លោក Ryder បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថាកូរ៉េខាងជើង (DPRK) បានឆ្លើយតបទៅកាន់បញ្ជាការដ្ឋាន UN ប៉ុន្តែខ្ញុំមិនមានព័ត៌មាន សំខាន់ណាមួយដើម្បីបញ្ជាក់លម្អិតនោះទេ»

គួរបញ្ជាក់ថា ទាហានអាមេរិកឈ្មោះ Travis King បានរត់ចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅ អំឡុងរូបគេស្ថិតនៅក្នុងក្រុមភ្ញៀវទេសចរ ទៅកម្សាន្តតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីព្រួយបារម្ភពីសុវត្ថិភាពរបស់ទាហានរូបនេះ ដោយពួកគេលើកយកករណី និស្សិតអាមេរិកឈ្មោះ Otto Warmbier ដែលជាប់ឃុំនៅកូរ៉េខាងជើងរយៈពេល១៧ខែ និងបានស្លាប់ ក្រោយត្រូវបានត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ក្នុងស្ថានភាពសន្លប់ស្តឹកស្ដឹងកាលពីឆ្នាំ២០១៧៕