(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការព្យាយាមកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ខណៈរូបលោកកំពុងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។

លោក ត្រាំ ត្រូវបានចោទប្រកាន់ចំនួន ៣បទចោទ ជុំវិញការសមគំនិតបោកបញ្ឆោតសហរដ្ឋអាមេរិក និងមួយបទចោទទាក់ទិននឹងការបង្កឧបសគ្គដល់ដំណើរការ ស្វែងរកយុត្តិធម៌។ ការចោទប្រកាន់ទាំងនេះមានកម្រាស់ ៤៥ទំព័រ និងត្រូវបានដាក់ជូនតុលាការក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយរដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack Smith ដែលបានដឹកនាំការស៊ើបការអង្កេតលើអតីតប្រធានាធិបតីអាមេរិករូបនេះ ក្នុងនាមក្រសួងយុត្តិធម៌អាមេរិក។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន ប៉ុន្តែលោក ត្រាំ ចោទប្រកាន់ ដោយគ្មានភស្តុតាងថាមានការលួចបន្លំសន្លឹកឆ្នោត។ បើតាមឯកសារចោទប្រកាន់ខាងលើ ទោះបីជាចាញ់ ក៏ជនជាប់ចោទ (លោក ត្រាំ) នៅតែក្រាញននៀលចង់ បន្តកាន់អំណាច។ ដូច្នេះជាង ២ខែក្រោយការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនជាប់ចោទបានសាបព្រោះការភូតកុហកពីការលួចបន្លំសន្លឹកឆ្នោត ហើយអះអាងថាខ្លួនឯងជាឈ្នះ៕