(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានអញ្ជើញជាផ្លូវការរដ្ឋមន្រ្តីការបរទេសថ្មីរបស់ចិន គឺលោក វ៉ាង យី សម្រាប់ការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ឈិន កាង ត្រូវបានដកភ្លាមៗចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសចិន ដោយមិនមានការបញ្ជាក់ពីមូលហេតុនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។

ចិន បានតែងតាំងលោក វ៉ាង យី ជារដ្ឋមន្ត្រីការបរទេសចិន កាលពីសប្ដាហ៍មុន ដោយជំនួសតំណែងលោក ឈិន កាង ដែលមិនបានបង្ហាញខ្លួនជាសាធារណៈ អស់រយៈពេលជាង ១ខែមកហើយ ក្រោយកាន់តំណែងជារដ្ឋមន្ត្រីការបរទេសបានត្រឹម ៧ខែប៉ុណ្ណោះ។ ក្រសួងការបរទេសចិន មិនបានបញ្ជាក់ហេតុផលពីការ ដកតំណែងលោក ឈិន ឡើយ តែបានយកបញ្ហាសុខភាពមកបញ្ជាក់ពីអវត្តមានរបស់អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ។

ដោយឡែក ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឱ្យដឹងដែរថាលិខិតអញ្ជើញលោក វ៉ាង យី សម្រាប់ ការបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ត្រូវបានប្រគល់ជូនកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ក្នុងជំនួបមួយនៅឯក្រសួងការបរទេសអាមេរិក រវាង ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink និងលោក យ៉ាង តាវ (Yang Tao) ជាអគ្គនាយក ទទួលបន្ទុកកិច្ចការអាមេរិកខាងជើង និងអូសេអានី នៃក្រសួងការបរទេសចិន។ «នៅក្នុងជំនួបកាលពីម្សិលមិញ (ថ្ងៃចន្ទ) យើងបានប្រគល់លិខិតអញ្ជើញដែល ដំបូងឡើយត្រូវបានត្រៀមសម្រាប់លោករដ្ឋមន្ត្រីការបរទេស ឈិន កាង ហើយយើងបញ្ជាក់យ៉ាងច្បាស់ថាលិខិតអញ្ជើញនោះត្រូវបានប្រគល់ (ទៅឱ្យលោក វ៉ាង យី»។ នេះជាការបន្ថែមរបស់លោក Matthew Miller ដោយមិនបានបញ្ជាក់ថាតើភាគីចិនទទួលយកលិខិតអញ្ជើញនេះដែរឬក៏យ៉ាងណានោះទេ?

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយលោក ឈិន កាង កាលពីថ្ងៃទី១៨ ខែមិថុនា នៅក្នុងពេលបំពេញទស្សនកិច្ច ជាលើកដំបូងបំផុតក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់ប្រទេសចិន ក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ខាងក្រសួងការបរទេសអាមេរិក បាននិយាយថា ជំនួបរវាងអ្នកទាំង២ ប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ ហើយលោក Blinken បានអញ្ជើញលោក ឈិន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តកិច្ចពិភាក្សា៕