(ស្តុកខម)៖ រដ្ឋាភិបាលស៊ុយអែតបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងចាត់វិធានការ «រឹតបន្តឹង» ការគ្រប់គ្រងព្រំដែន ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីការតវ៉ាជាច្រើនពាក់ព័ន្ធនឹងការប្រមាថគម្ពីរ Qur’an របស់អ្នកកាន់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣។

ភាពតានតឹងបានកើនឡើងរវាងប្រទេសស៊ុយអែត និងប្រទេសអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន បន្ទាប់ពីការតវ៉ាជាច្រើនដែលពាក់ព័ន្ធ នឹងការប្រមាថជាសាធារណៈនៃគម្ពីរ Qur’an រួមទាំងសកម្មភាពការដុតច្បាប់ចម្លងរបស់គម្ពីរនេះផងដែរ។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Christensen បានប្រាប់សន្និសីទសារព័ត៌មានថា «អ្នកដែលមានទំនាក់ទំនងខ្សោយខ្លាំងជាមួយស៊ុយអែត មិនគួរអាចមកប្រទេសស៊ុយអែតដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មទេ» ដោយបន្ថែមថា ការសម្រេចចិត្តជាផ្លូវការក្នុងការរឹតបន្តឹងការគ្រប់គ្រងព្រំដែន ត្រូវបានរំពឹងថា នៅធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

កាលពីថ្ងៃចន្ទ បុរសជនជាតិអ៊ីរ៉ាក់ពីរនាក់ បានដុតបំផ្លាញអត្ថបទសាសនាអ៊ីស្លាមនៅក្នុងការតវ៉ាមួយ នៅមុខសភាស៊ុយអែត។ អ្នកទាំងពីរនេះក៏ធ្លាប់ធ្វើបាតុកម្មស្រដៀងគ្នានេះ នៅខាងក្រៅវិហារអ៊ីស្លាមសំខាន់មួយរបស់រដ្ឋធានីស្តុកខម និងស្ថានទូតអ៊ីរ៉ាក់ក្នុងរដ្ឋធានីស៊ុយអែត ដែលនាំឱ្យមានការផ្ទុះកំហឹង និងការថ្កោលទោសយ៉ាងទូលំទូលាយ។

ការតវ៉ាទាំងនោះបានជំរុញឱ្យក្រុមបាតុករអ៊ីរ៉ាក់សម្រុកចូលស្ថានទូតស៊ុយអែត ក្នុងទីក្រុងបាកដាដពីរដង។ កាលពីសប្តាហ៍មុន ប្រទេសស៊ុយអែតបានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលចំនួ១៥ រួមទាំងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងភ្នាក់ងារអនុវត្តច្បាប់មួយចំនួន បង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម៕