(ប៉ារីស)៖ ក្រសួងការបរទេសបារាំង បានឲ្យដឹងថា បារំាងបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួន និងអឺរ៉ុប ចេញពីប្រទេសនីហ្សេហើយ នៅថ្ងៃអង្គារនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមានរដ្ឋប្រហារដណ្តើមអំណាច ក្នុងប្រទេសអាហ្វ្រិកខាង លិចមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង បានគូសបញ្ជាក់ថា «ដោយពិចារណាលើស្ថានភាពនៅទីក្រុងនីញ៉ាមេ (Niamey) រួមទាំងករណីអំពើហិង្សាលើស្ថានទូតរបស់យើង កាលពីចុងសប្តាហ៍មុន និងការពិតដែលថាដែនអាកាសត្រូវបានបិទ ហើយពលរដ្ឋមិនអាចចាកចេញតាមមធ្យោបាយរបស់ពួកគេបាននោះ បារាំងកំពុងរៀបចំការជម្លៀសពលរដ្ឋរបស់ខ្លួន និងអ្នកផ្សេងទៀត (ពលរដ្ឋអឺរ៉ុប) ដែលចង់ចាកចេញពីប្រទេសនីហ្សេ។ ការជម្លៀសចាប់ផ្តើមពីថ្ងៃនេះ»។ បើតាមគេហទំព័ររបស់ក្រសួងការបរទេស មានជនជាតិបារាំងចំនួន ១,២០០នាក់ ស្ថិតនៅក្នុងប្រទេសនីហ្សេ នៅឆ្នាំ២០២២។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍មុន យោធាក្នុងប្រទេសនីហ្សេ បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី លោក មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ចេញពីអំណាច ដោយនាំឲ្យរង្គោះរង្គើរពាសពេញតំបន់ ពីសំណាក់អតីតសម្ព័ន្ធមិត្តលោកខាងលិចរបស់នីហ្សេ ងើបឡើងប្រឆាំងនឹងរបបយោធា៕