(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា កម្មករសំណង់យ៉ាងហោច១៧នាក់ បានស្លាប់ នៅភាគខាងលិចប្រទេសឥណ្ឌា នាថ្ងៃអង្គារនេះ នៅពេលដងស្ទូចមួយបានបាក់រលំ នៅការដ្ឋានសាងសង់ផ្លូវមួយខ្សែ ស្ថិតនៅជាយទីក្រុងម៉ុមបៃ (Mumbai)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នៅការដ្ឋានសាងសង់ផ្លូវអ៉ីចប្រេសវេ សាមរូដឌី (Samruddhi Expressway) ក្នុងរដ្ឋម៉ាហារ៉ាស្រ្តា (Maharashtra)។ ក្រោយគ្រោះថ្នាក់នោះ សាកសពមនុស្ស១៧នាក់ ត្រូវក្រុមសង្រ្គោះយកបានចេញពីក្រោមគំនរបាក់បែក ខណៈ៣នាក់ ដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចូលរួមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនេះ ហើយរូបលោកបានបង្គាប់ឱ្យមានការផ្តល់ប្រាក់ឧបត្ថម្ភ ដល់ក្រុមគ្រួសារនៃកម្មករដែលបានស្លាប់និងរបួស។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនៅតាមកន្លែងការដ្ឋានសំណង់ហេដ្ឋារចនាសម្ព័ន្ធធំៗ គឺជារឿងដែលកើតមានញឹកញាប់មួយ នៅក្នុងប្រទេសឥណ្ឌា។ កាលពីខែតុលា ឆ្នាំ២០២២ មនុស្សរហូតដល់១៣០នាក់ បានបាត់បង់ជីវិតក្នុងខេត្ត ហ្គូចារ៉ាត់ (Gujarat) នៅពេលស្ពានមួយខ្សែបានបាក់ បន្ទាប់ពីវាទើបជួសជុលរួចមិនយូរប៉ុន្មាន។ រីឯកាលពីឆ្នាំ២០១៦ ហេតុការណ៍បាក់ស្ពានអាកាសមួយខ្សែ ទៅលើផ្លូវដ៏មមាញឹកមួយ ក្នុងទីក្រុង កូលកាតា (Kolkata) នៃរដ្ឋ West Bengal បានសម្លាប់មនុស្សយ៉ាងហោច២៦នាក់៕